Nurture Your Family to be Nourished

728x90_2

យោងទៅតាមការសា្រវជ្រាវកាលពីឆ្នាំ ២០០៨ ក្នុងចំណោមអ្នករៀបអាពាហ៍ពិពាហ៍ហើយបានលែងលះ គ្នាមានចំនួនតែ
២%ប៉ុណ្ណោះ ដែល ចំនួននេះតិចតួចបំផុត មូលហេតុដោយសារ ក្តីអាណិតអាសូរគ្នា គឺជា វប្បធម៌ដ៏ល្អមួយដែលមាន នៅក្នុងចំណោមជនជាតិខ្មែរទូទៅ ។ ដោយឡែកច្បាប់នៅក្នុងប្រទេសកម្ពុជា មានធាតុផ្សំដែលជាគន្លឹះជាច្រើន ជម្រុញនូវការផ្សះផ្សាគ្នា ដែលអាចការពារការលែងលះបាន ។ បច្ចុប្បន្នវិញ អ្នកវិភាគយល់ថា ការលែងលះអាចមានការកើនឡើង
ខណៈប្តីប្រពន្ធកម្ពុជាជាច្រើនបានលែងលះគ្នាដោយស្ងៀមស្ងាត់ ដោយគ្មានយុត្តាធិការច្បាប់ ហើយការវិវឌ្ឍន៍នៃផ្នត់គំនិតថ្មីៗផ្នែកសង្គម បច្ចេកវិទ្យាទំនើបនៅលើប្រព័ន្ធអិនធើណេត រួមផ្សំកត្តាសម្ភារនិយម ក៏អាចជម្រុញឲ្យ
តួលេខនេះ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ។

ពាក់ព័ន្ធទៅនឹងវប្បធម៌រស់នៅ របស់ប្រជាជនកម្ពុជា ដែលភាគច្រើនមានមែកធាងនិងអម្បូរគ្រួសារ ដែលរាប់ចាប់តាំងពី ប្តី ប្រពន្ធ កូន ឪពុកម្តាយ រហូតដល់សាច់ញាតិបង្កើតនិងបងប្អូនជិតឆ្ងាយខាងប្តី ឬប្រពន្ធ ដែលវប្បធម៌គ្រួសារប្រភេទនេះ ជួនកាលរស់នៅក្រោមដំបូលដែលមានអ្នកដឹកនាំ ជាម្តាយឪពុកតែមួយ តែងតែបង្ករឲ្យមាននូវទំនាស់ជាច្រើន ។ ដោយសារតែមានគ្រួសារបែកមែកសាខាច្រើន ដូច្នេះប្រសិនបើការថ្លឹងថ្លែង
មិនបានសមស្របទេនោះ វិបត្តប៉ះពាល់លើទំនាក់ទំនងរវាងប្តីនិងប្រពន្ធ ក៏កើតឡើងច្រើនដែរ ។ បើដូច្នេះ តើយើងគួរតែគិតគូរយ៉ាងដូចម្តេចទៅវិញ?

តាមការសាកសួរទៅកាន់ប្តីប្រពន្ធដែលរួមរស់នៅក្រោមតំបូលរបស់ឪពុកម្តាយជាច្រើន ដោយសារតែខ្លួនមិនទាន់រឹងមាំ គឺជួបប្រទះបញ្ហាមិនចុះសម្រុងមួយចំនួន មានជាអាថ៌ដូចជា ភាពលម្អៀងរវាងកូនបង្កើតនិងកូនប្រសារ ការលូកលាន់ស៊ីជម្រៅទៅលើទំនាក់ទំនងរបស់ប្តី-ប្រពន្ធដោយប្រើឥទ្ធិពលទៅលើការសម្រេចចិត្ត ទោះទាំងផ្នែកថវិកានិងការរៀបចំគ្រួសារជាដើម ដែលបង្ខំឲ្យធ្វើទៅតាមចិត្តម្តាយឪពុក ឬឲ្យលម្អៀងទៅលើសាច់ញាតិខាងខ្លួន ។ ពិសេសជាងនេះទៅទៀត ភាពមិនស្មោះត្រង់ចំពោះថវិការួម ដែលចាត់ចែងតាមអំពើចិត្ត នោះក៏អាចជាការបង្គាប់បញ្ជាពីឪពុកម្តាយ ផងដែរ ។ ក្រុមគ្រួសារខ្លះ ឪពុកម្តាយអាចមានទំនោរទៅរកកូនប្រសារជាជាងកូនបង្កើត ហើយខ្លះវិញគឺរក្សាជំហរជាអជ្ញាកណ្តាលប្រកាន់យុត្តិធម៌ដោយសារគាត់មានការបែងចែកខុសនិងត្រូវ បានល្អិតល្អន់។ជាមួយគ្នា ទង្វើលោកអ្នកជាឪពុកម្តាយ ដែលតែងចង់គ្រប់គ្រងត្រួតត្រាប្តីប្រពន្ធជាកូន ពេលខ្លះកើតឡើងតាមរយៈការប្រើពាក្យសម្តីលើកូនប្រសារ ការបង្កើតរឿងរ៉ាវបំភ្លើសធ្វើឲ្យទំនាស់រីករាលដាល ការចាប់កំហុសកូនប្រសារ ជាដើម ។ រីឯអ្នកខ្លះវិញ ចង់បានកូនប្រសារដែលឥតខ្ចោះ ដោយបង្ហាញអកប្បកិរិយាមិនពេញចិត្ត ឬនិយាយប្រាប់ទៅអ្នកជិតខាងពីចំណុចអវិជ្ជមានរបស់កូនប្រសារ ។ល។ ចំណែកឯភាគីខាងកូនវិញ យើងសង្កេតឃើញថា ដោយនៅមានចរិតមិនចាស់ទុំ ទាំងសមត្ថភាពរកថវិកា និងការគ្រប់គ្រងលើគ្រួសារខ្លួនឯង ។ ស្តែងចេញពីទង្វើខ្លះ កូនៗចូលចិត្តធ្វើខ្លួនដូចជាមនុស្សនៅលីវ សេពគុបមិត្តដែលចូលចិត្តភ្លើតភ្លើន ដើរហើរស៊ីផឹកបើកូនប្រុសជាប្តីវិញ ជួនកាលនៅតែអាចមាននារីខាងក្រៅពីប្រពន្ធខ្លួន ជាដើម ។ ឪពុកម្តាយ ពេលដែលឃើញទង្វើរបស់កូនបែបនេះក៏ទ្រាំពុំបាន ដោយត្រូវដោះស្រាយបញ្ហា ដដែលជាដដែល យូរៗទៅធ្វើឲ្យប្តីប្រពន្ធ
បែកបាក់ប្រេះឆារ ជាក់ជាមិនខាន ។

ប្តីប្រពន្ធ ឬឪពុកម្តាយមួយចំនួន នៅមានផ្នត់គំនិតយល់ថា ទោះបីរៀបការរួចហើយក៏នៅតែសាច់ទីទៃពីគ្នា មិនដូចជាសាច់បង្កើតខ្លួនឯង ដែលខុសពីវប្បធម៌មួយទៀតយល់ថា «ប្តី-ប្រពន្ធគឺក្លាយជាសាច់តែមួយ» ហើយត្រូវឲ្យតម្លៃគ្នាទៅវិញទៅមក ចាប់ដៃគ្នាដើម្បីចាត់ចែងជោគវាសនាផ្ទាល់ក្នុងគ្រួសារ ។ ផ្នត់គំនិតឪពុកម្តាយខ្លះទៀត កើតឡើងពីការយល់ច្រឡំ ដោយរំពឹងព្យាយាមត្រួតត្រា និងគ្រប់គ្រងលើជោគវាសនាកូន ចាប់តាំងពីកើតមក និងរហូតដល់អស់មួយជីវិត ដោយយល់ថាខ្លួនឯងឪពុកម្តាយ ជាម្ចាស់លើកូន ។ ធាតុពិតកត្តាសង្គមនិងធម្មជាតិ មិនអាចរំលោភបានទេ ពីព្រោះមនុស្សម្នាក់ៗពេលណាធំដឹងក្តី គឺមានទំនួលខុសត្រូវលើជោគវាសនាខ្លួនឯង ឪពុកម្តាយអាចត្រឹមអ្នកជួយពីក្រោយ ឬទីប្រឹក្សា ឬមួយ ក្លាយជាអ្នកទទួលការបីបាច់ សងគុណពីកូនៗវិញ ។

ទោះជាបញ្ហាធំប៉ុណ្ណាក៏ដោយ ប៉ុន្តែយើងនៅតែមានដំណោះស្រាយសម្រាប់ប្តីប្រពន្ធដែលចង់បានគ្រួសារមួយដែលមានទំនាក់ទំនងល្អនឹងគ្នា ។ យោងតាមអនុសាសន៍របស់អ្នកជំនាញ មានចំណុចមួយចំនួន ដូចតទៅ៖
◆ លក្ខណៈសម្បត្តិជាប្តីឬប្រពន្ធ ៖ អត្តចរិតនៃភាពចាស់ទុំ គឺជាកត្តាចាំបាច់បំផុត ។ ការប្តេជ្ញាយ៉ាងច្បាស់ ក្នុងអាពាហ៍ពិពាហ៍និងគ្រួសារ ដោយត្រៀមខ្លួនមុនពេលរៀបការ និងរៀបការរួចក្លាយជាប្តីប្រពន្ធ ត្រូវប្រកាន់យកតួនាទីដ៏ល្អ ។
◆ ត្រូវថ្លឹងថ្លែងនូវទំនាក់ទំនងរវាងសាច់ញាតខាងប្តីហើយនិងប្រពន្ធ ឲ្យបានត្រឹមត្រូវ ដោយត្រូវប្រកាន់ភាពស្មោះត្រង់ ។
◆ ចេះដោះស្រាយទំនាស់គ្រួសារ៖ ប្តីប្រពន្ធ ឬអ្នកដែលគ្រោងនឹងរៀបការ អាចស្វែងយល់ពីវិធីសាស្ត្របង្កា ឬដោះស្រាយទំនាស់ដែលអាចកើតមាន ។ ពេលមានទំនាស់ រកមនុស្សដែលយើងអាចទុកចិត្តបានជួយផ្សះផ្សារ ។ ចូរស្វែងរកមនុស្សបែបនោះក្នុងជីវិតរបស់យើង យ៉ាងតិច ពីរ ទៅ បីនាក់ ។
◆ ភាពម្ចាស់ការ៖ ត្រូវមានម្ចាស់ការលើជោគវាសនានៃអនាគតគ្រួសារផ្ទាល់ខ្លួន ។ ចំណុចនេះអាចធ្វើទៅបាននៅពេលដែលយើងមានជំហររឹងមាំខាងផ្នែកហិរញ្ញវត្ថុ ត្រូវការពារទំនោរពឹងផ្អែកលើថវិការបស់ឪពុកម្តាយតទៅទៀតនៅពេលដែលយើងរៀបការហើយ ។ ដើម្បីធ្វើទៅបាន គឺយើងត្រូវចេះស្វែងរក គ្រប់គ្រងនិងសន្សំថវិកាសម្រាប់គ្រួសាររបស់យើង ។
◆ ភាពជាឪពុកម្តាយ៖ ប្តីប្រពន្ធថ្មោងថ្មី ត្រូវចេះ សិក្សាស្វែងយល់ ស្រាវជ្រាវ សង្កេត ចូលរួមក្នុងសកម្មភាពនានា ដែល
អាចជួយយើងឲ្យក្លាយទៅជាឪពុកម្តាយដ៏ល្អ ។ មុននឹងមានផែនការបង្កើតកូន គួរបង្កើនជីវភាពរស់នៅឲ្យបានល្អប្រសើរសិន ដើម្បីជៀសវាងបញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ ។
◆ ការចេះថ្លឹងថ្លែង៖ ប្តីប្រពន្ធ ត្រូវតែកំណត់អាទិភាពគ្រួសារជាសំខាន់ និងត្រូវថ្លឹងថ្លែងច្បាស់លាស់ ។ ជួនការអ្នកខ្លះរវល់លើការងារ ភ្លេចប្រពន្ធ ប្តី ឬកូនៗ ក៏មាន ។ នេះដោយសារមូលហេតុមិនបានថ្លឹងថ្លែងត្រឹមត្រូវ ។ មានពេលដែលត្រូវនាំគ្រួសារមកជួបជុំប្រកបរួបរួមឡើងវិញក្នុងឱកាសណាមួយ នៅពេលដែលបែកពីគ្នារៀងរាល់ថ្ងៃ ដោយភាពមមាញឹក ។

នៅមានចំណុចល្អៗជាច្រើនទៀតក្រៅពីនេះ ដែលយើងអាចស្វែងយល់ ដើម្បីពង្រឹងក្រុមគ្រួសាររបស់យើង រឹងមាំទៅមុខជាប់ជានិច្ច ៕

Share This Post

Post Comment