គ្រួសារដ៏កម្រ​រកបាន!

Serey 728x410

ការលូតលាស់គ្រប់ជ្រុងជ្រោយ គឺជាអ្វីដែលគ្រួសារនីមួយៗ តែងប្រាថ្នាស្វែងរកសម្រាប់​ផ្ទាល់ខ្លួន ហើយក៏ចង់បានសម្រាប់គ្រួសារ នៅក្នុងសង្គមកម្ពុជាទាំងមូលដែរ ។ ដើម្បីសម្រេចទៅតាមអ្វី ដែលយើងចង់បាននោះ វាមិនមែនជាពេលវេលាត្រឹមតែមួយថ្ងៃឬមួយឆ្នាំប៉ុណ្ណោះទេ ផ្ទុយទៅវិញ លោកអ្នកត្រូវការពេលវេលាដ៏វែងឆ្ងាយ ​ហើយខំប្រឹងប្រែងអត់ធ្មត់ជាច្រើន ទើបអាចសម្រេចនូវជោគជ័យទាំងអស់នោះបាន ។

យ៉ាងណាម៉ិញ មានចំណុចសំខាន់ៗមួយចំនួន ដែល “ពន្លឺកាល” រកឃើញនៅក្នុងជីវិតគ្រួសាររបស់ លោក ជូ មានសិរី និងភរិយារបស់លោក គឺអ្នកស្រី យី ផល្លា ។

  • ការកត់សម្គាល់ក្នុងទំនាក់ទំនងដំបូង​​​​​​​​​​​​​​​​

“គាត់ជាអ្នកដែលជឿដល់ព្រះ គាត់ស្រលាញ់ដល់ខ្ញុំ រីឯខ្ញុំក៏ស្រលាញ់គាត់​ដែរ ឪពុកម្តាយគាត់ក៏យល់ព្រម ជាមួយយើងទាំងពីរដែរ ។ នោះទើបជា​និមត្តសញ្ញា ដែលនាំឲ្យខ្ញុំត្រូវតែរៀបការជាមួយប្រពន្ធរបស់ខ្ញុំ ។”

នេះជាប្រសាសន៍របស់ លោក ទន្តបណ្ឌិត ជូ មានសិរី ។  រីឯ អ្នកស្រី យី ផល្លា ជាភរិយាសព្វថ្ងៃរបស់លោកវិញ ដំបូងឡើយ
​មិនបានគិតអ្វីក្រៅតែ​ ពឹងផ្អែកការជ្រើសរើសគូរស្រករទៅលើព្រះជាម្ចាស់ជា​អ្នកជួយរៀបចំតែប៉ុណ្ណោះ ។ អ្វីដែលធ្វើឲ្យអ្នកស្រីរំភើបចិត្ត មិនអាចទុបទឹកភ្នែកបាននាពេលនេះ គឺដោយមានស្វាមីម្នាក់ដែលល្អ ស្មោះត្រង់រវាងទំនាក់ទំនងស្នេហាជាមួយអ្នកស្រី និងជាស្វាមីម្នាក់ដែលកោតខ្លាចដល់ព្រះ ដែលអ្នកស្រីតែងតែធ្លាប​់សុបិន​បែបនេះ តាំងពីមុនមកម្លេះ ។

  • ការរៀបចំជីវិតរស់នៅក្បែរគ្នាមិនមែនជារឿងងាយស្រួលទេ

មានមនុស្សស្រីជាច្រើន តែងតែប្រាថ្នាថាឲ្យខ្លួនឯងបានរស់នៅជិត​ប្តី រៀងរាល់នាទីនៅក្នុងមួយជីវិត ប៉ុន្តែក្តីសុបិនបែបនេះមិនងាយនឹងក្លាយជាការពិតឡើយ ។ ផ្ទុយទៅវិញ ស្វាមីជាច្រើនចេញពីផ្ទះទៅធ្វើការបាត់ៗតាំងពីព្រលឹម បែកមុខពីកូននិងប្រពន្ធ លុះដល់ព្រលប់ទើបបានមកជួបជុំគ្នាវិញ ។ ចំណែកឯប្តីខ្លះទៀតវិញ ទាល់តែយប់អាធ្រាតុ ទើបមកដល់ផ្ទះ ពីព្រោះជាប់មានធុរកិច្ចបន្ថែម។ ភរិយាតែងព្រួយបារម្មណ៍ ខ្លាចស្វាមបែបនោះ មិន​ត្រឹមតែទៅធ្វើការងារទេ បែរជាបង្ហួសទៅរកខាងក្រៅ ប្រព្រឹត្តអំពើអប្បាយមុខ នាំទុក្ខសោក ឬរោគាផ្សេងៗចូលមកផ្ទះ ចម្លងដល់ខ្លួនជាភរិយាផងក៏អាចថាបាន ។ បច្ចុប្បន្ន មានកន្លែងជាច្រើនណាស់នៅក្នុងទីក្រុងភ្នំពេញ ដែលទាក់ទាញប្តីៗដែលតែងតែជាប់រវល់ថែមម៉ោងពេលយប់ ឲ្យជាប់ចិត្តទៅ​កម្សាន្តលម្ហែកាយបន្ធូរបរិយាកាស ។ ត្រង់ចំណុចនេះហើយដែលអ្នកស្រី ផល្លា កាន់តែរំភើបចិត្តថែមទៀត ពីព្រោះតែប្តីអ្នកស្រីមិនដូចជាបុរសជាប្តីខ្លះ ដូចដែលបានរៀបរាប់ខាងលើនោះទេ ។ ដើមឡើយ អ្នកស្រី​តែងប្រាថ្នាថា ចង់បានស្វាមីដែលអាចនៅជិតខ្លួន ជួយមើលថែគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃឬរាល់នាទីផង ។
អ្នកស្រីលើកឡើងថា៖ “ធម្មតាបើប្តី គេនៅឆ្ងាយពីយើង មិនដឹងថាធ្វើអ្វីនៅខាងក្រៅខ្លះទេ…។ តែប្តីខ្ញុំ នៅពេលអាក់អន់ចិត្ត គាត់គ្មានទម្លាប់ដោះស្រាយបញ្ហា​ជាមួយគ្រួសារ ដោយចេញទៅខាងក្រៅបន្ធូរអារម្មណ៍នោះទេ ។ ” ពិតមែនហើយ ក្តីស្រមៃរបស់អ្នកស្រី​​បានសម្រេចដូចបំណងមែន។ អ្នកស្រី​បន្លឺថែមទៀតថា​

​” ធម្មតាសេចក្តីសុខរបស់ភរិយា គឺគ្មានអ្វីរីករាយ​ជាជាងដែលបានរស់នៅក្បែរស្វាមីនោះទេ ។ ជីវិតគឺប្រៀបដូចជាចាននៅក្នុងរាវ តែងតែរណ្តំគ្នា​​ តែជីវិតរស់នៅជាមួយ​គ្នា ត្រូវតែចេះអត់ទោសគ្នា ទៅវិញទៅមក ។”

​​​ បច្ចុប្បន្ន អ្នកទាំងពីរធ្វើការជាមួយគ្នា នៅក្នុងនាមជាម្ចាស់គ្លីនិកមួយកន្លែង​ មានឯកទ្ទេសផ្នែកធ្មេញ ឈ្មោះ “មន្ទីរព្យាបាលធ្មេញភ្នំពេញ” ។

  • គន្លឹះនៃទំនាក់ទំនងក្នុងគ្រួសារ

​​​​​​​ នៅក្នុងផ្នត់គំនិតគ្រួសារនីមួយៗ តម្លៃផ្នែកសេដ្ឋកិច្ចគឺជាលក្ខ័ណដ៏ចាំបាច់មិនអាចព្រងើយកន្តើយបាន ។ ការចំណាយគ្រប់បែបយ៉ាងនៅក្នុងការរស់នៅ​បច្ចុប្បន្ន គឺត្រូវការចំណីអាហារ ជម្រកស្នាក់នៅសមរម្យ ការសិក្សាអប់រំ សម្លៀកបំពាក់ បរិយាកាសកម្សាន្ត ។ល។ ទាំងនេះ បើមិនមានលុយទេ គឺពិតជាលំបាកវេទនាហើយ! ដោយសារតែយើងម្នាក់ៗ ខិតខំរត់រកលុយបែបនេះហើយ ជួនកាលបែរទៅជាបាត់បង់របស់ម្យ៉ាងទៀតទៅវិញ ។ ហ៊ឺ! ជីវិតគួរឲ្យកម្សត់ណាស់ហ្ន៎ ។ ថាខ្លះចុះក្រគ្មានលុយច្រើនគ្រួសារខ្វះខាតវេទនា ចំណែកអ្នកខ្លះមានលុយច្រើនវិញ ហេតុអ្វីក៏នៅតែវេទនាទៀត? មានលុយ តែខ្វះកូនដែលយល់ចិត្ត បែរជាដើរប្រព្រឹត្តអំពើអប្បាយមុខ បង្ករ​តែរឿងរ៉ាវមិនចេះចប់ មានលុយតែខ្វះមនុស្សស្មោះត្រង់នៅក្បែរ មានលុយតែបាត់បង់ប្តី ឬប្រពន្ធខ្លះមានលុយតែគ្មានអ្នកខ្លួនស្រលាញ់ ។ ជួនកាលមានលុយហើយ តែលុយនោះបានមកអំពើអាក្រក់គ្រប់បែបយ៉ាង ដែលជះឥទ្ធិពលមិនល្អនាំគ្រោះថ្នាក់ដល់ខ្លួននិងគ្រួសារ រស់នៅមិនបានសុខ ជាដើម ។ ជួនពេលខ្លះទៀត មានលុយតែមិនអាចយកលុយទៅទិញសុខភាពឲ្យល្អមកវិញបាន ។ នេះហើយឬ ដែលអ្នកខ្លះថា មានលុយមានអ្វីៗទាំងអស់នោះ? ចាប់អារម្មណ៍នឹងកាលទេសៈគ្រួសារ ដែលជួបប្រទះបញ្ហាជាច្រើន ដូចដែលបានលើកឡើង ធ្វើឲ្យលោកគ្រូ សិរី ដែលមមាញឹកខ្លាំងជាមួយនឹង អាជីពជាគ្រូពេទ្យព្យាបាលធ្មេញ យល់ឃើញថា គ្រួសារត្រូវតែកំណត់ច្បាស់នូវអាទិភាពជាគ្រឹះ ដើម្បីដឹកនាំគ្រួសារទៅរកជោគជ័យ ។ សម្រាប់លោកវិញយល់ស្របថា ការងារមមាញឹកខ្លាំងចាប់ពីព្រឹកដល់ល្ងាច គឺពិតជាអស់កម្លាំង ខ្លះមិនចង់រវល់ជាមួយកូន ឬប្រពន្ធទេ បើចប់ការងារហើយចង់តែសម្រាក និងបន្ធូរអារម្មណ៍ ។ ផ្ទុយមកវិញ ចាប់តាំងពីអាពាហ៍ពិពាហ៍ និងបង្កើតបានកូនប្រុសពីរនាក់ សព្វថ្ងៃ លោកសិរី នៅតែខិតខំថែរក្សាតម្លៃពិតនៃគ្រួសាររបស់លោក ប្រកបដោយភាព ម៉ឺងម៉ាត់ ច្បាស់លាស់

“ប្រសិនជា​យើងរវល់ រហូតដល់​ភ្លេច​គ្រួសារ នោះថ្ងៃណាមួយយើងនឹង បាត់គ្រួសារ ។ គ្រួសារខ្ញុំ មានគ្រឹះជាគោលការណ៍អាទិភាព សំខាន់បីគឺ ទី១ ព្រះ ទី២គ្រួសារ ហើយទី៣ គឺ ការងារ ។ ដូច្នេះការងារមិនស្ថិតនៅក្នុងចំណុចចម្បងគេជាងគ្រួសារទេ នៅក្នុងជីវិតរបស់យើង​ម្នាក់ៗ។”

  • ការឆ្លើយតបចំពោះតម្លៃនៃគ្រួសារ

ដំណើររឿងជីវិតគ្រួសារ របស់លោក លោកទន្តបណ្ឌិត ជូ មានសិរី និង អ្នកស្រី យី ផល្លា ហាក់មានភាពខុសប្លែកមួយ គួរជាទីចាប់អារម្មណ៍ ។ ការទាក់ទាញដោយមហិច្ចតាផ្នែកសម្ភារនិយមនៅជុំវិញខ្លួន មិនមែនជារឿងងាយស្រួល ដែលធ្វើឲ្យអ្នកទាំងពីរ បោះបង់គ្រួសារឲ្យស្ថិតនៅក្នុងចំណុចងាយរងគ្រោះឡើយ។ ក៏ប៉ុន្តែអ្នកទាំងពីរបានប្តេជ្ញានៅក្នុងអាពាហ៍ពិពាហ៍មួយដែលថ្វាយសិរីរុងរឿង ដល់ព្រះជាម្ចាស់យេស៊ូគ្រិស្ត ដែលទ្រង់ជាអ្នកដឹកនាំដ៏ធំជាងគេបំផុតក្នុងគ្រួសារ និងជាគ្រឹះដ៏រឹងមាំ នៃសេចក្តីសង្ឃឹមដែលគ្មានទីបញ្ចប់។ ​តម្លៃនៃគ្រួសារដែលព្រះប្រទានឲ្យលោកនិងអ្នកស្រីថែរក្សាមិនឲ្យរង្គោះរង្គើរ គឺផ្តើមឡើងពី ទំនាក់ទំនងស្នេហាការថែរក្សាកូនៗ ព្រមទាំងការងារជាដើម ។ អ្នកទាំងពីរបានឆ្លើយតបប្រកបដោយការព្យាយាម ឆ្ពោះទៅរកគោលដៅដែលព្រះបានកំណត់ឲ្យ ។

“ជីវិតប្តីប្រពន្ធពេលខ្លះដូចជាចាននៅក្នុងរាវ…” ក៏ប៉ុន្តែ ព្រះជាម្ចាស់ជាអ្នករៀបចំអ្វីៗឲ្យល្អប្រសើរឡើងវិញ ដែលធ្វើឲ្យជីវិតគ្រួសារមួយនេះពិតជា “មិនងាយនឹងរកបាន” មែន ៕

Share This Post

Post Comment