ជំនួយមកពីលើ!

Amy

តើក្រុមគ្រួសារលោកនិងអ្នកស្រី Chiv ជានរណា?​

លោក David Chiv និងភរិយាគឺ អ្នកស្រី Amy Chiv ជាធុរកិច្ចជន ដែលកំពុងបណ្តាក់​ទុនបង្កើតក្រុមហ៊ុនមួយឈ្មោះ DNAK នៅក្នុងប្រទេសកម្ពុជា ​ផ្តោតទៅលើមុខជំនួញផ្នែក​«ចំណីអាហារ​និងភេសជ្ជៈ​ Food & Beverage (F&B) »។ លោក David គឺជាអនិកជនកម្ពុជាមួយរូប បានចាកចេញ​ទៅរស់នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៨៤ មកម្លេះ ហើយបានរៀបអាពាហ៍ពិពាហ៍​ជាមួយភរិយារបស់​លោក ​ជា​នារីជនជាតិសាំងហ្គាពួរ ហើយបង្កើតបានកូន២នាក់ ។ បច្ចុប្បន្នលោក​និងក្រុមគ្រួសារ កំពុងតែរួមរស់នៅ​​ប្រទេសកម្ពុជា​ ដោយលោកបានសម្លឹងឃើញ​នូវឱកាស​​សេដ្ឋកិច្ចជាច្រើន។

កត្តាជំរុញអោយមានការសំរេចចិត្ត

ឆ្លើយទៅនឹងសំណួររមួយចំនួន ​ លោក និង អ្នកស្រី Chiv រៀបរាប់ពីសាច់រឿងដ៏គួរអោយចាប់អារម្មណ៍ នៃការសំរេចចិត្តមករស់នៅក្នុងប្រទេសកម្ពុជា​ ។ លោក David  បញ្ចាក់ថា «យើងមកប្រទេសកម្ពុជានេះគឺមានគោលដៅដើម្បីបង្កើតធុរកិច្ច​ និងផ្តល់ទីផ្សាការងារ   ដែលអាចឆ្លើយតបនូវសេចក្តីត្រូវការជាវិជ្ជមានដល់សង្គម​»។ ​អ្នកស្រី Amy ​​អះអាងថា «​បច្ចុប្បន្ននេះយើងមាន បុគ្គលឹកចំនួនតែ៥៣នាក់ទេ តែជាគោលដៅអនាគត ទោះបីជាតាមរយៈយើងផ្ទាល់ រឺដៃគូនានា​ យើងមានគោលដៅ​ផ្តល់ការងារសំរាប់មនុស្ស​​យ៉ាងតិច១ម៉ឺននាក់​​​»។​ ​ ​​ អ្នកស្រីបន្តថា ​«​ ​កាលពី៧ឆ្នាំមុនមកដល់ប្រទេសកម្ពុជា​ ​លោក David ជាស្វាម៉ី បានប្រឹងប្រែងបបួលអោយគ្រួសារយើងមកទីនេះ ដែលជាស្រុកកំណើតរបស់លោក ​។  តែលោកខ្ញុំនិងកូនៗ​មិនបានចាប់អារម្មណ៍​ហើយយល់ស្រប មករស់នៅទីនេះឡើយ ពីព្រោះ​កូនៗ​ពួកយើង គេ​មិនស៊ាំនឹងបរិយាកាស​រស់នៅ​ ​ ដោយសារតែគេកើតមកធ្លាប់រស់នៅ​កន្លែងដែលស្រួល ស្អាត និងមាន​សាលារៀនល្អ  »។ អ្នកស្រីបន្តថា «តែការមួយជាចំណាប់អារម្មណ៍របស់ខ្ញុំ គឺសណ្តានចិត្តនៃជនជាតិកម្ពុជា ដែលចេះជួយយកអាសារគ្នា មានចិត្តល្អ ចេះយកចិត្តទុកដាក់ ពិសេសចេះជួយគ្នាក្នុងគ្រាដែលកំពុងតែមានអាសន្ន» ដែលនេះជាសញ្ញា​មួយ ដែល​​ព្រះបានបើកបង្ហាញផ្លូវដល់នាងខ្ញុំនិងគ្រួសារ​ មានសន្តិភាពក្នុងចិត្ត ​ ដើម្បីនឹង​សំរេច​ចិត្ត​មករួមរស់នៅ​ប្រទេសកម្ពុជានេះ»។ បទពិសោធន៍ផ្ទាល់ អ្នកស្រីរៀបរាប់​ដោយសរសើរសន្តានចិត្តនៅពេលមួយក្នុងឆ្នាំ២០០៧ ដែលក្រុមគ្រួសារអ្នកស្រី​ជួបឧបសគ្គ ពេលធ្វើដំណើ​ទៅខេត្តឆ្ងាយនៅក្នុងប្រទេសកម្ពុជា ដែលកាលណោះ មានឧបសគ្គតាមផ្លូវ ហើយត្រូវបានបុរសម្នាក់ខ្វល់ខ្វាយ និងជួយដល់គ្រូសារអ្នកស្រី រហូតដល់​ត្រឡប់មកភ្នំពេញវិញ។

ផលិតផលរបស់ DNAK

ដោយបានចំណាយទុន និងពេលវេលាជាងមួយឆ្នាំ​ ចាប់តាំងពីដើមឆ្នាំ២០១២ មក ​អាគាររបស់ DNAK បានកើត​ចេញជារូបរាងយ៉ាងលេចធ្លោ ជាទីទាក់ទាញ នៅតាមបណ្តោយផ្លូវជាតិ លេខ៦៣ ​ដោយ​រចនាតាមបែបបច្ចឹមប្រទេស នៅខាងក្នុងប្រកបទៅដោយ​ផាសុខភាព​ និង​មានបំរើសេវាគ្រប់ប្រភេទ ទោះទាំង​ម្ហូបអាហារ និងភេសជ្ជៈ​ ជាដើម ​ ទាំងប្រភេទស្រស់ ​វេចខ្ចប់ រួមមាន សាច់ គ្រឿងទេស បន្លែ និងផ្លែឈើ ជាដើម។ ​ដោយផ្តោតការយកចិត្តទុកដាក់ និងលើកកំពស់នូវផលិតពីផល​ធម្មជាតិ ទាំងក្នុង​ស្រុកនិង​នាំចូលពិសេស​ មកពី​សហរដ្ឋអាមេរិក។ ​ការ​ផ្តល់ទំនុកចិត្តគឺជាអាទិភាព ដែល​អតិថិជន​អាច​​ទទួលទានដោយមានសុខភាពល្អ ហើយជាមូលដ្ឋាន គឺត្រូវកំណត់នូវស្តង់ដារទាំងគុណភាពនិងអនាម័យ​​។  ​លោកចង់បង្ហាញថា ​​«របៀបរបប​ដែលល្អៗបែប ហើយត្រូវតែអនុវត្តបែបនេះនៅក្នុង​ប្រទេសកម្ពុជា»។ ​

ទស្សនៈនិងយុទ្ធសាស្រ្តក្នុងបម្លាស់ប្តូរធុរកិច្ច

សំរាប់លោក David Chiv បានប្រកាន់យកនូវទស្សន​ជំនឿលើ​ព្រះយេស៊ូ ​នៅក្នុងវិស័យ​សេដ្ឋកិច្ច លោកចាត់ទុកថា ដើម្បីឈានទៅរកបម្លាស់ប្តូរ «ធុរកិច្ច​គឺដើម្បី​មនុស្សមិនមែន​​លុយទេ»។ ការអនុវត្តន៍ធុរកិច្ច គឺតែងជួបប្រទះការប្រឈមនានា តែ «បញ្ហា​មិន​ធំជាងព្រះដែរ!»  ហើយ «ការពឹងផ្អែកលើព្រះ ​នាំមកនូវជោគជ័យ​ពិតសំរាប់ជីវិត​»​​ ​ ​ដែលលោកធ្លាប់ភ្លក់នូវ​បទពិសោធន៍ជាញឹកញាប់ គឺ «ពេលសម្លឹងមើលទៅលើ​នោះលោកតែង​ទទួល​បានជំនួយនិងសេចក្តីសង្ឃឹមដ៏ពិតមកអំពីព្រះ»។

ទាក់ទងដល់​ផ្នត់គំនឹតសេដ្ឋកិច្ចដ៏សំខាន់ ក្រុមគ្រួសារ លោក និង អ្នកស្រី Chiv ប្តេជ្ញានិងបន្ត​ពង្រីកធុរកិច្ចរបស់​ខ្លួន ដោយធ្វើយ៉ាងណា​ប្រឹងប្រែងដើម្បី​ឆ្លើយតបទៅនឹងតម្រូវការមនុស្សជាមូលដ្ឋាន ពិសេសបង្កើនការងារ​កាន់​តែច្រើនក្នុងប្រទេសកម្ពុជា ​ ដែល​​យុទ្ធសាស្រ្តស្នូល​សំខាន់ចំនួន ៥របស់ DNAKមាន​ ជាអាថ៌​ ​ ទីមួយ ព្រះ ទីពីរ​ ដៃគូ ទីបី បុគ្គលឹក ទីបួន សហគមន៍ និងទីប្រាំ ចុះចូលចំពោះច្បាប់រដ្ឋាភិបាល៕

ដោយ ជិន សុខសាន្ត

Share This Post

Post Comment