កន្លង់ស្លាបដែក

LT #11 _The Men

នៅក្នុងហាងកាហ្វេមួយ នាកណ្តាលទីក្រុងភ្នំពេញ បុរសៗ មួយចំនួន​តែងនិយមចូលចិត្តជួបជុំគ្នា ពិសារអាហារ ពេលព្រឹក និងជជែកកំសាន្ត ។ អ្នកខ្លះលើកឡើងពីនេះ ពីនោះមកនិយាយ ខ្លះស្តាប់ទៅដូចជាការពិត រីឯខ្លះវិញនិយាយ អោយតែបានសើចលេង ។ ថ្មីៗនេះ ប្រធានបទមួយដែលរសើប សម្រាប់សង្គមគ្រួសារ ដោយបុរសវ័យចាប់ពី៣៨ ឆ្នាំឡើងទៅ ដែល មានជីវភាពធូរធានោះ ចូលចិត្តការសប្បាយក្នុងទំនាក់ទំនងស្នេហាជាមួយនឹងនារីៗវ័យក្មេងដែលជាតារា ។

ថ្ងៃនេះមានបុរសវ័យប្រហែលជាង ៤៥ ម្នាក់ ដែលរថយន្តរបស់គាត់មានតម្លៃប្រហែល៥ម៉ឺនដុល្លារ គាត់ចូលមកអង្គុយពិសារអាហារដូចសព្វមួយដង ។ មួយស្របក់ បុរសម្នាក់នោះចាប់ផ្តើមនិយាយពីរឿងមួយថា “សព្វថ្ងៃ គេមិនសូវជាចាប់អារម្មណ៍ចំពោះនារីជាតារាមុនៗទៀតទេ តែចាប់អារម្មណ៍តែទៅលើតារាវ័យក្មេង ដែលទើបតែរះថ្មីៗនោះវិញ។”
ឮពាក្យសម្តីបែបនេះ បុរសខ្លះទៀតនៅអង្គុយក្នុងតុជាមួយ នាំគ្នាសើចយ៉ាងក្អាកក្អាយ ។ ចំណាប់អារម្មណ៍ក៏កើតមានកាន់តែខ្លាំងឡើង ។ មានបុរសម្នាក់ទៀតនិយាយបន្ទរថា “វ័យដូចជាពួកយើងឥញ្ចឹង គឺត្រូវការចំណាយពេល និងចំណាយលុយទៀត ទើបអាចទាក់បាននារីស្អាតៗ ជាតារាវ័យក្មេង ទាំងនោះបាន ។” បើតាមយើងមើលទៅ បុរសម្នាក់ដែលកំពុងតែនិយាយនោះ គាត់មិនមែននិយាយគ្រាន់តែបានលេងសើចទេ ។ គាត់ទំនង ជាបុរសចំណាស់ដែលហ៊ឺហា មានចរិតឬកពាដូចជាមិនណយដែរ ហើយក៏ប្រហែលជាមានបទពិសោធន៍ក្នុងសង្គមបុរសបែបនេះច្រើន ។ បើយើង
ស្មានមិនច្រឡំទេ គាត់គឺស្ថិតក្នុងមជ្ឈដ្ឋានបុរសៗវ័យចំណាស់ដែលចាយលុយហ៊ឺហា ហើយប្រឡូកស៊ីជម្រៅក្នុងទំនាក់ទំនង បែបនោះទៀតផង ។

«កន្លង់ស្លាបដែក» គឺសំដៅលើបុរសៗ ដែលស្វែងរកការត្រេកត្រអាលក្នុងទំនាក់ទំនងស្នេហាជាមួយនារីៗវ័យក្មេងក្រៅពីប្រពន្ធពេញច្បាប់របស់ខ្លួន ដោយមិនបារម្ភពីលទ្ធផលចុងក្រោយថានឹងមានបញ្ហាបែបណា ធ្លាក់មកដល់គ្រួសារនោះទេ ។ បច្ចុប្បន្នបុរសៗបែបនោះត្រូវគេលាបពណ៌គាត់ថា «ចាស់ស្ទាវ» គឺសំដៅទៅលើចរិតនិងវ័យនៃការទទួលខុសត្រូវ ដែល
បុគ្គលម្នាក់មាន ផ្សេងៗពីគ្នា ។ តើឥទ្ធិពលអ្វីដែលបានទាក់ទាញបុរសចំណាស់ៗមួយចំនួន ដែលមានលុយច្រើននិងអំណាច អាចបំភ្លេចភរិយាក្រុមគ្រួសារ មកលង់សម្រស់នារីតារាវ័យក្មេង នោះទៅវិញ? ឬមួយ នេះគឺមកពីភរិយាដែលមិនបានបំពេញតម្រូវការតណ្ហារបស់ប្តីបានគ្រប់គ្រាន់ ទេ?កញ្ចក់បានឆ្លុះបញ្ចាំងលើតថភាពធំៗមួយចំនួន ដូចខាងក្រោម ។
✳ ទំនាក់ទំនងក្នុងគ្រួសារ៖ បុរសៗជាច្រើនបានបង្ហាញនូវអារម្មណ៍ទោមនស្ស ហើយត្អូញត្អែរថា ខ្លួនមិនដែលចង់ធ្វើអ្វីបង្ករឲ្យមានផលវិបាកដល់ក្រុមគ្រួសារ ឬធ្វើគ្រួសារឲ្យឈឺចាប់នោះទេ ។ ក៏ប៉ុន្តែជារឿយៗ ខ្លួនមិនសូវទទួលបានការយល់ចិត្តពីភរិយានិងគ្រួសារ នោះឡើយ ។ មិនខុសពីបុរសផ្សេងៗទៀត ដែលយើងបានជួបសម្ភាសទេ បុរសម្នាក់មានវ័យ ៤៥ឆ្នាំ កំពុងតែហាត់ប្រាណតាមដងផ្លូវ ក្បែរមាត់ទន្លេមុខវាំង ។ ផ្ទះគាត់មិននៅឆ្ងាយ​ពីទីនោះទេ គាត់យល់ឃើញថា ‌ ស្រ្តីមេផ្ទះមិនបានគោរពស្វាមី ឲ្យស្មើរនឹងមនុស្សសំខាន់ម្នាក់នោះទេ ខ្លះចាត់ទុកប្តីជាសាច់ឈាមទីទៃពីគ្នាម្នាក់ ។ ពេលប្តីរវល់ពីធ្វើការហត់នឿយ មកដល់ផ្ទះ អ្នកផ្ទះមិនសូវជាបានយល់ថា ប្តីមានអារម្មណ៍បែបណា ជួនកាលប្តីមានការប៉ះទង្គិចធ្ងន់ធ្ងរពីការងារ ចង់និយាយប្រាប់ភរិយាដែរ ប៉ុន្តែគង់តែគេមិនយល់ ដូច្នេះមានតែទៅរកកន្លែងបន្ធូរអារម្មណ៍ខាងក្រៅ លុះក្រោមមកក៏ជ្រុលលង់ជាមួយសម្រស់នារីវ័យក្មេងស្អាតៗខ្លះ រួចក៏ជាប់ចិត្តតែម្តងទៅ ។

យើងក៏បានសាកសួរដល់បុរសៗ ពីទំនាក់ទំនងផ្លូវភេទខ្លះៗដែរ តែភាគច្រើនរឿងនេះគឺជាអាថ៌កំបាំងដែលគេមិនចង់និយាយឡើយ ។ យើងក៏បានរកឃើញថា ស្រ្តីជាច្រើនរវល់ជាមួយកូន ហើយនិងបញ្ហារកប្រាក់ចំណូល ដោយហេតុនេះ ភាគច្រើនមិនសូវជាមានតម្រេកក្នុងបញ្ហាផ្លូវភេទជាមួយនឹងស្វាមីទេ។ ប៉ុន្តែភាគច្រើនគេថា កូនសោរស្ថិតក្នុងដៃរបស់បុរស ជាជាងការសម្រេចចិត្តពីភរិយា ។ យ៉ាងណាក៏ដោយ បុរសខ្លះបានបង្ហើប​អំពីរូបសម្ផស្សរបស់ភរិយា ដែលនេះគឺជាចំណុចទាក់ទាញ “ប្តីគ្រប់រូបចង់ឃើញភរិយាខ្លួនមានការតុបតែងខ្លួនបានស្រស់ស្អាត ទាក់ទាញអារម្មណ៍ស្វាមី ពេលខ្លះ ប្តីក៏មើលទៅនារីដទៃ ហើយប្រៀបធៀបមកប្រពន្ធខ្លួនខុសគ្នាដាច់…។”
✳ ផ្នត់គំនិត ឬ ឥរិយាបទសង្គម៖ អ្នកសិក្សាស្រាវជ្រាវសង្គមសុទ្ធតែយល់ឃើញដូចៗគ្នាថា សេចក្តីស្នេហាដែលទាក់ទាញទៅដោយទឹកប្រាក់និងសម្ភារនិយមមានតម្លៃ ភាគច្រើនងាយនឹងកើតឡើង ។ ប៉ុន្តែទំនាក់ទំនងបែបនេះ តែងតែរង្គោះរង្គើរ មិនរឹងមាំនោះទេ ។ មិនតែប៉ុណ្ណោះសិក្ខាសាលាថ្មីៗ ក៏​បានអប់រំបុរសៗ ដោយកំណត់រង្វាស់នៃ «ជោគជ័យ» ​ផ្តោត​ទៅលើ តែភាពមានបាន ខាងសម្ភារនិយម ​ទ្រព្យសម្បត្តិ ឬ​លុយ និងមានតួនាទីខ្ពស់ៗ ប៉ុន្តែអ្នកបណ្តុះបណ្តាលមិនសូវបានសង្កត់ធ្ងន់ ទៅលើជោគជ័យ នៃការកសាងទំនាក់ទំនងល្អ ក្នុងសង្គម​គ្រួសារទេ ។ មនុស្សមួយចំនួនទៀត ទាំងអ្នកដែលចាយលុយហ៊ឺហា ទាំង​អ្នកទទួលផលពីលុយ រីករាយដោយភ្លេចគិតពីគុណតម្លៃនៃលុយ និងប្រភព​ដែលលុយកើតចេញ ពីណាមក តើកើតចេញពីផលសុច្ចរិត ឬ ទុច្ចរិត ។

មានកត្តាខ្លះដែលបង្ហាញពីសុភមង្គលក្នុងគ្រួសារមួយ គឺកើតឡើង​​ក្នុងអំឡុងពេលដែលមនុស្សជួបភាពលំបាក ហើយមានអ្នកយល់ចិត្ត ។ ហើយភាពសុខស្រួលរស់នៅលើគំនរទ្រព្យដ៏មហាសាលខ្លះ ក៏មិនប្រាកដ​​ថា គ្រួសារនោះកំពុងតែមានសុភមង្គលបរិបូរណ៌ដែរ ។​ ផ្អែកទៅលើផ្នត់គំនិតសង្គមពីមុនប្រៀបធៀបមកបច្ចុប្បន្នវិញ គឺមាន​ការប្រែប្រួលតិចតួច ។ មនុស្សប្រុសនៅតែត្រូវគេចាត់ទុកជាមាសទឹក​ដប់ ខុសពីនារីដែលត្រូវសង្គមចាត់ទុកថាជាសំពត់នៅក្នុងផ្នត់ ឬជាក្រណាត់​«ស» មួយដុំ ។ ក្នុងទំនាក់ទំនងស្នេហា ភាពស្មោះត្រង់គឺស្ថិតលើបុរសជា​អ្នក​កំណត់ ។ បើសិនជាបុរស ផ្តល់សណ្តានចិត្តស្មោះប៉ុណ្ណា នារីគឺត្រឹមតែ​ទទួលបានប៉ុណ្ណោះឯង ។ ក្នុងផ្នត់គំនិតខ្លះ ចាត់ទុកបុរសជាមនុស្សមាន​សំណាងទៅវិញ បើសិនជាគាត់មានប្រពន្ធច្រើន ។ បច្ចុប្បន្ន ដោយសារ​តែនារីមានឱកាសច្រើនជាង​មុន ក្នុងទំនាក់ទំនងជាមួយ​សង្គម​ខាងក្រៅ​ ការរៀនសូត្រ​ប​ានច្រើន​ជាងមុន ធ្វើឲ្យស្វាមីរបស់នាងមិនអាចនឹង លាក់លៀមការពិតពីនាងបានទេ ។ នាងនឹងឆាប់ដឹង បើស្វាមីនាងមាន ទំនាក់ទំនងជាមួយនារីដទៃទៀត ។ តែបើប្រពន្ធខ្លះចង់តាមដានប្តី គឺប្រាកដ ជាមានច្បាប់ដែលហាមប្រាមការផិតក្បត់ ជួយគាំពារដល់នាង ។ ស្រ្តីម្នាក់ មានកូនប្រុសបីនាក់ ស្វាមីជាអ្នកធ្វើជំនួញផងនិងជាមន្ត្រីរាជការផង គាត់ប្រាប់ថា គាត់ព្យាយាមកុហកកូនៗរហូតពីទង្វើ​ឪពុករបស់គេ ចាប់តាំងតែពីគេនៅតូច ហើយនិយាយតែពីការល្អរបស់ប្តីប្រាប់ដល់កូន ។ លុះពេល ដែលកូនធំឡើង គេឃើញឪពុកមានប្រពន្ធចុងពីរនាក់ផ្សេងទៀត ក្រៅពីម្តាយគេ ។ គេយល់ថា ទង្វើបែបនេះធម្មតា ឪពុកគេធ្វើត្រឹមត្រូវ ហើយគេក៏អាចធ្វើដូចគ្នានឹងឪពុកគេដែរ។ ចុះតើលោកអ្នកយល់យ៉ាងដូចម្តេច? ប្រពៃណីមើលរំលង ដែលបុរសកម្ពុជាខ្លះតែងមិនទទួលស្គាល់
បញ្ហា ចាត់ទុករឿងខ្លះថាតូចតាចនាំឲ្យគ្មានដំណោះស្រាយ ពេលខ្លះទំរាំនឹងដឹងធ្វើឲ្យបញ្ហា បានបង្កើតជាលទ្ធផលរបស់វា រួចស្រេចទៅហើយ ។ ការយកគ្រឿងស្រវ៉ឹងកាត់សាញ មួយគ្រាៗ ក៏បានក្លាយជាបុព្វហេតុដ៏ធំ​ដែលបំផ្លាញ សុភមង្គលក្រុមគ្រួសារដែរ ។ ក្រៅពីសេពសុរាហើយវិលមក ផ្ទះ អ្នកខ្លះក៏ជួបគ្រោះថ្នាក់ជាចៃដន្យតាមផ្លូវ ឬខ្លះមានបញ្ហាជាមួយនឹង
គ្រឿងស្រវ៉ឹង ជួបលទ្ធផលរហូតដល់ថ្ងៃនេះ ។ បុរសដែលចេញចូលកន្លែង កំសាន្តពេលយប់ ភាគច្រើន ដល់ពេលបញ្ចប់ម៉ោង ស្វែងរកសេវាផ្លូវភេទ ។ ជាមួយនឹងទឹកប្រាក់ ព្រមទាំងខ្សែរយៈផ្តល់សេវាកម្មផ្លូវភេទគ្រប់ច្រកល្ហក គេអាចបំពេញបំណងតណ្ហារបស់គេបានទល់ភ្លឺ ដោយភ្លេចគិតពីក្តីថប់បារម្ភរបស់ប្រពន្ធ និងកូន ។ អ្នកខ្លះភ្លេចគិត តាំងពីការឆ្លងជម្ងឺអេដស៍ ថែមទៀតផង ។

✳ ការទទួលខុសត្រូវរបស់បុរស៖ ក្តីរំភើប ការប្តេជ្ញាចិត្តក្នុងការ កសាងក្រុមគ្រួសារដ៏ល្អមួយ ភាគច្រើនកើតមានក្នុងអារម្មណ៍តែមួយរយៈពេលខ្លីរបស់បុរស ក្នុងស្នេហ៍គ្រាដំបូង ។ លុះដល់ពេលមានលុយ មាន អំណាច-បុណ្យស័ក្តិហើយ បុរសជាច្រើនចាប់ផ្តើមបំភ្លេចនូវអានុស្សាវរីយ៍ និងបំភ្លេច នូវការទទួលខុសត្រូវរបស់ខ្លួន ក្នុងកិច្ចសន្យាស្នេហ៍ជាមួយនឹង ភរិយា ។ ដោយភ្លេចភ្លាំងនឹងគ្រឿងទាក់ទាញទាំងឡាយជុំវិញខ្លួន អ្នកខ្លះ យកលេសថា អ្វីៗដែលខ្លួនខិតខំទាំងប៉ុន្មានក៏ព្រោះដើម្បីតែគ្រួសារប៉ុណ្ណោះ!

តើនេះជាហេតុផលពិតត្រឹមត្រូវ១០០%ឬទេ? បើដូច្នោះហើយ កុំថាឡើយដល់ទៅស្តីថាឲ្យប្តី ឬក៏ស្តីថាឲ្យឪពុក កូននិងភរិយាភាគច្រើន គ្មានជម្រើសក្នុងការនិយាយអ្វី ក្រៅតែពីរក្សាភាពស្ងប់ស្ងៀម រក្សាសេចក្តីសុខរៀងៗខ្លួន ឬអ្នកខ្លះវិញសុខចិត្តខាំមាត់សង្កត់ចិត្ត ឲ្យតែប្តីនិងឪពុកកុំខឹងឡូឡាជេរប្រ-មាថ មិនសប្បាយចិត្តទៅ ទោះជាឲ្យពួកគេឈឺចាប់ខ្លាំងប៉ុណ្ណាក៏នៅតែទ្រាំបានដែរ ។ តើនេះឬជាសុភមង្គលគ្រួសារដ៏ពិតប្រាកដនោះ? មានចំណោទសួរអំពីមូលហេតុ ដែលមនុស្សប្រុសមិនអាចដឹកនាំ គ្រួសារបានល្អ ប្រសិនជាខ្វះជំនួយពីភរិយា ។ ពិតមែនហើយ ចំណេះដឹងនិងការទទួលខុសត្រូវ ជាកត្តាដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។ មនុស្សខ្លះមានតែ ចំណេះដឹងនិងជំនាញ ប៉ុន្តែការទទួលខុសត្រូវ ជួយឲ្យ គ្រួសាររស់នៅដោយសុខសាន្ត មានសុភមង្គល គឺជាកាតព្វកិច្ចដែលមិន អាចខ្វះបាន (ប៉ុន្តែទាហានមិនដែលទៅប្រយុទ្ធដោយគ្មានអាវុធនៅក្នុងខ្លួននោះទេ)។

លទ្ធផល៖

គ្រួសារទាំងឡាយដែលស្វាមី ឬឪពុកដែលបាត់បង់ភាព​ស្មោះត្រង់ គឺកើតមានការឈឺចាប់ ។ បុរសក៏ឈឺចាប់ហើយនិង ស្តាយក្រោយដែរ ក្នុងកាលទេសៈ ណាមួយ ដែល​លទ្ធផលមិនល្អ កើតឡើងពីទង្វើរបស់ខ្លួន​ ។ តម្រូវការ​ការគោរព និងភាពស្និតស្នាល​អំពីកូនៗ ក៏ត្រូវបាត់បង់ នៅពេល ដែលខ្លួនចាស់ ពីព្រោះតែមិនបាន ថែទាំគ្រាប់ពូជដែលដាំចុះឲ្យបានល្អ ។ អ្វីៗត្រូវបង្ខាតដោយសារតែ ទង្វើអសីលធម៌ ក្នុងភាពស្រើបស្រាលគ្មានដែនកំណត់ ។

ប្រតិកម្មក្នុងគ្រួសារកើតឡើង ប្រសិនជានរណាម្នាក់ មានការឈឺចាប់ ។ ការស្រាវជ្រាវបង្ហាញថា កុមារដែលរងការប៉ះទង្គិចផ្នែកផ្លូវចិត្ត ភាគច្រើនចាប់ផ្តើមបញ្ចេញឥទ្ធិពលនោះ នៅពេលខ្លួនធំមានអាយុលើសពី ៣០ ឆ្នាំ ឡើងទៅ ។ ភរិយាជាច្រើន ក៏ឆ្លើយតបវិញដោយប្រយោល ​ខ្លះបញ្ចេញអារម្មណ៍ទៅលើកូន រីឯភរិយាខ្លះទៀតបែរជាលែងរវីរវល់នឹងតួនាទី ឬកាតព្វកិច្ចនៅក្នុងផ្ទះដោយយកលេសថា ប្តីជាមេគ្រួសារគឺត្រូវរែកពន្ធរាល់បញ្ហាទាំងអស់ ដែលធាតុពិតនៃអកប្បកិរិយាទាំងអស់នោះ គឺជាអំពើស្នងចំពោះភាពឈឺចាប់ដែលមាននៅខាងក្នុងចិត្ត ។ គេក៏អាចសម្គាល់បានថា ពេលណាដែលទំនាក់ទំនងរវាង ប្តីប្រពន្ធបានល្អុកល្អឺនកាលណា នោះរាល់បញ្ហាក្នុងផ្ទះតែងតែដោះស្រាយបានដោយងាយស្រួល ក្នុងនោះរាប់ទាំងការ​ប្រកបមុខជំនួញរួមគ្នា ក៏បាន រលូនទៅដែរ ។ មនុស្សម្នាក់ៗ មិនគួរនឹងធ្វើឲ្យនរណាម្នាក់ឈឺចាប់ទេ ។

ប្រទេសជាតិក៏ដូចគ្នា គឺកើតមានក្តីសុខសាន្ត-សន្តិភាព បើសិនជាគ្រួសារ​បានបណ្តុះនូវពន្លកនៃអ្នកដឹកនាំ ដែលពោពេញទៅដោយសេចក្តីស្រលាញ់ និងការយល់ដឹងដ៏ត្រឹមត្រូវ ។ ដោយព្រោះតែកង្វះខាតភាព ស្មោះត្រង់ និងសេចក្តីស្រលាញ់​យ៉ាងបរិបូរណ៌ ធ្វើឲ្យគ្រួសារនីមួយៗ ពិបាកក្នុងការស្វែងរកសុភមង្គលដ៏ពិតប្រាកដ ​ ។

មានជំហានមួយចំនួន ដែលអាចជួយបុរសឲ្យអាចយកឈ្នះលើបញ្ហាបាន ។​ សម្លឹងនិងឲ្យតម្លៃគ្រួសារ គឺជាកំណប់ទ្រព្យដ៏វិសេសលើសពីអ្វីផ្សេងទៀត ហើយព្យាយាមចំណាយពេលវេលា ដើម្បី​ថែទាំនិងយកចិត្តទុកដាក់​ ផ្តល់​សេចក្តីស្រលាញ់ ដ៏បរិបូរណ៌ដល់គ្រួសារ ។ ចូរចងចាំថា «តម្លៃនៃសេចក្តីស្រលាញ់រវាងប្តីនិងប្រពន្ធ គឺស្ថិតនៅលើភាពស្មោះត្រង់ ទោះជាមានវិបត្តិដោយសារបញ្ហាផ្លូវភេទក៏គេត្រូវតែជជែកដោយការព្រមព្រៀងគ្នាជាមុនដែរ។»

ជ្រើសរើសការសេពគប់មិត្ត ដែលអាចជួយឲ្យយើង កាន់តែស្រលាញ់និងគិតគូរទៅដល់គ្រួសារ ។ អ្នកខ្លះយល់ថា«ជាតិ»សំខាន់ជាងគ្រួសារទៅទៀត ប៉ុន្តែតាមការស្រាវជ្រាវ អ្នកដែលបង្ករបញ្ហាក្នុងគ្រួសារ គឺទៅអនាគតតែងតែ
បង្ករបញ្ហាជាច្រើននៅក្នុងសង្គមជាតិ ។ តើកូនៗអាចនឹងក្លាយជាអ្នកដឹកនាំល្អសម្រាប់ជាតិបានទេ ប្រសិនបើគេមិនទទួលបានការល្អ ចេញមកពី គ្រួសារ ផងនោះ ?កាត់បន្ថយការសេពគ្រឿងស្រវ៉ឹងជាអតិបរិមា ដែលជារឿយៗនាំបុរសឲ្យ
វង្វេងក្នុងអំពើអប្បាយមុខដូចជា ការបង្ករទំនាស់-គ្រោះថ្នាក់ ។​ រីឯបុរសខ្លះវិញពេលស្រវ៉ឹង តែងតែទៅរកសេវាផ្លូវភេទ ដែលធ្វើឲ្យឆ្លងមេរោគអេដស៍ ចូលមកក្នុងគ្រួសារ ។ ការសេពគ្រឿងស្រវ៉ឹងច្រើន អាចប៉ះពាល់ដល់​សុខភាព ធ្វើឲ្យថាមពលនិងប្រាជ្ញាចុះខ្សោយ ធ្វើការពុំសូវបានល្អ ហើយ​អារម្មណ៍ក៏ឆេវឆាវទៀត ។ កំណត់គោលដៅក្នុងជិវិតឲ្យបានត្រឹមត្រូវ ហើយប្តេជ្ញាអនុវត្តនូវគោល​-​ការណ៍ល្អៗ ដើម្បីផ្តល់សេចក្តីសង្ឃឹមនិងអនាគតសម្រាប់កូនៗ ។ ចេះប្រើប្រាស់ថវិកាឲ្យបានត្រឹមត្រូវ ។ បញ្ជៀសល្បែងស៊ីសងឲ្យផុតពីជីវិតរស់នៅ ​ដ្បិតដោយសារល្បែងធ្វើឲ្យក្រុមគ្រួសារជួបនូវវិបត្តផ្សេងៗ ដូចជាអំពើហឹង្សា និងបំណុល ទីបំផុតឈានទៅដល់ការលែងលះគ្នាក៏មាន ។

តួនាទីរបស់បុរស គឺថែរក្សា ស្រលាញ់ និងផ្តល់នូវសុភមង្គលដល់​គ្រួសារ ដើម្បីធ្វើយ៉ាងណាជៀសវាងឲ្យបាននូវការបែកបាក់ ការឈឺចាប់ណាមួយ ដែលប៉ះពាល់ដល់ជីវិតគ្រួសារទាំងមូល ។ កាលណាកូនៗ​ អាចទទួលបានការអប់រំល្អ ភាពកក់ក្តៅដ៏សុខសាន្ត ព្រមទាំងសេចក្តីស្រលាញ់​យ៉ាង​បរិបូរណ៌​​ចេញពីក្រុមគ្រួសារ នោះពេលគេធំឡើង គេក៏នឹង​អាច​ក្លាយខ្លួនជាអ្នកដឹកនាំ​ដ៏ល្អសម្រាប់សង្គមជាតិ ទាំងមូលផងដែរ ៕

Share This Post

Post Comment