ប្តីប្រពន្ធរីករាយក្នុងព័ន្ធកិច្ច

A Delight_2

លោក ជ័យ សាខន បច្ចុប្បន្ន អាយុ ៥៧ ឆ្នាំ មានបទពិសោធន៍៧ឆ្នាំ (១៩៧៩-១៩៨៦)ធ្វើជាគណកម្មាធិការ ឃុំក្រោលគោក្នុង ខេត្តស្វាយរៀង ។ ក្រៅពីតួនាទីជា អជ្ញា-ធរឃុំនាសម័យកាលរដ្ឋកម្ពុជា លោកក៏ជាគ្រូ មន្តអាគមម្នាក់ ផងដែរ ។ កាលពី ឆ្នាំ ១៩៨៤ លោក សាខន ក៏បានរៀបការ ជាមួយភរិយាលោកនៅក្នុងស្រុកជាមួយលោកនៅឯខេត្តស្វាយរៀង ដែលអ្នកស្រីឈ្មោះ អ៊ុក សាវន បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ ។ ចាប់តាំងពីរៀបការមក អ្នកទាំងពីរមិនមានកូនបង្កើតម្នាក់ទេ រហូត១៧ឆ្នាំមុន ក៏បានសុំកូនគេម្នាក់យកមកធ្វើជាកូនចិញ្ចឹមខ្លួនឯង រហូតមកដល់បច្ចុប្បន្ននេះ ។
គ្រានោះ ទោះបីជាលោក សាខន ជាគ្រូមន្តអាគមមានជំនាញស្តោះផ្លុំព្យាបាលតាមជំនឿងងឹត ក៏ប៉ុន្តែ អ្នកស្រី អ៊ុក សាវន ដែលជាប្រពន្ធមិនដែលមានសុខភាពល្អម្តងណាទេ ។ អ្នកស្រីមានជម្ងឺជាប់ខ្លួនជាប្រចាំដែលពេលខ្លះសឹងតែមិនចង់រស់នៅ ។ លោកសាខនខំរកវិធីជួយព្យាបាលប្រពន្ធគ្រប់មធ្យោបាយ ទាំងថ្នាំពេទ្យទាំងតាមមន្តអាគម តែអ្នកស្រី
សាវន កាន់តែអស់សង្ឃឹមពីព្រោះមិនអាចព្យាបាលឲ្យជាបាន ។

លោក សាខន និង អ្នកស្រី សាវន បានឮដំណឹងល្អពីព្រះយេស៊ូអស់រយៈពេលជាង២០ឆ្នាំ ទើបអ្នកទាំងពីរបានទទួលជឿលើព្រះយេស៊ូគ្រិស្ត ។ អ្នកស្រី សាវន បានរៀបរាប់ប្រាប់ទស្សនាវដ្តី ពន្លឺកាល ដោយសេចក្តីអំណរ ថា “កាល
ពីមុនខ្ញុំមានជម្ងឺក្នុងខ្លួនជាប្រចាំ ឈឺៗរាល់តែថ្ងៃ មិនដឹងមូលហេតុ ។ គ្រូខ្មែរគ្រូពេទ្យខ្ញុំទៅអស់ហើយ នៅតែមិនជាទៀត ។ រហូតចាប់តាំងពីខ្ញុំបានជឿព្រះយេស៊ូមក ជម្ងឺរបស់ខ្ញុំជាបាត់អស់រលីងហើយក្រោមមកធ្វើឲ្យខ្ញុំសប្បាយចិត្ត និងមានសង្ឃឹមឡើងវិញ ។” លោក សាខន រៀបរាប់ប្រាប់ថា ប្តីប្រពន្ធអ្នក ទាំងពីរ ទទួលជឿព្រះយេស៊ូដោយឮតាមរយៈបងជីដូនមួយ ដែលបានជឿនៅសហរដ្ឋអាមេរិក មក ផ្សាយដំណឹងល្អប្រាប់ដល់អ្នកទាំងពីរជាប្អូន ។ ក្រោយបានឮ លោក សាខន មិនជឿទេ កាលណោះ លោកគិតថា «ព្រះយេស៊ូជាព្រះគេ!»ហើយលោកមិនត្រូវជឿទេ ព្រោះលោកជាខ្មែរ ។ ក្រោយពីបានស្វែងយល់ជាង២០ឆ្នាំ លោកតែងរង់ចាំមើល ហើយពិចារណា តើព្រះយេស៊ូជានរណា? ដោយពិចារណាថ្លឹងថ្លែងហេតុផលពីការបកស្រាយផ្សេងៗ និងមើលឃើញការល្អជាច្រើនព្រមទាំងអំណាចចេស្តាដែលកើតឡើងក្នុងជីវិតរបស់អ្នកជឿ ក្រោយមកលោកក៏បានដឹងច្បាស់ថា ព្រះយេស៊ូគឺជាព្រះដ៏ពិតមិនសម្រាប់តែសាសន៍ណាមួយនោះទេ គឺសម្រាប់មនុស្សទាំងអស់ ។ លោកនិងប្រពន្ធក៏បានសម្រេចចិត្តជឿ នៅក្នុងឆ្នាំ ២០០០ ។ លោក សាខន និង អ្នកស្រី សាវក បានចាប់ផ្តើមជីវិតថ្មី ហើយអ្នកទាំងពីរមានបទពិសោធន៍ជាច្រើនក្នុងជំនឿ ពិសេសលោក សាខន ក៏បានឈប់ធ្វើជាគ្រូមន្តអាគម ហើយអ្នកស្រី ក៏រួចពីចំណងនៃជម្ងឺរោគាប្រចាំកាយ រីឯការប្រកបមុខរបរក៏ទទួលបានផលជាបរិបូរណ៌ ដែលមើលទៅទោះជាស្ថិតក្នុងវ័យចំណាស់រៀងៗខ្លួនបន្តិច ក៏ប្តីប្រពន្ធអ្នកទាំងពីររស់នៅក្នុងសុភមង្គលដ៏ពិតមួយ ។

បច្ចុប្បន្ន លោក ជ័យ សាខន និង អ្នកស្រី អ៊ុក សាវន ធ្វើការជាគ្រូគង្វាលដឹកនាំក្រុមជំនុំ ចំនួន ១០ ក្នុងខេត្តស្វាយរៀង ។ អ្នកស្រី សាវន ជាប្រពន្ធតែងតែគាំទ្រជួយដល់ប្តីអ្នកស្រី ដើម្បីឲ្យកិច្ចការក្រុមជំនុំដំណើរ-ការទៅមុខផង និងជួយគ្រួសារមានជីវភាពដំណើរការដោយរលូនផង ។

ដោយទទួលបានការឧបត្ថម្ភតិចតួចប្រចាំខែ បច្ចុប្បន្នអ្នកទាំងពីរមានមុខរបរប្រចាំថ្ងៃសម្រាប់ប្រាក់ចំណូលបន្ថែមបានគ្រប់គ្រាន់ផងដែរ ។ អ្នកស្រី សាវន និយាយថា «ព្រះបានជួយទាំងមុខរបររបស់ខ្ញុំផងឲ្យបានទទួលផលល្អជាប្រចាំ ។» លោក សាខន ពិតជាមានសំណាងណាស់ ដែលមានភរិយាម្នាក់អាចជួយដល់លោកយ៉ាងពេញទំហឹង ។ លោករៀបរាប់ថា “ប្រពន្ធរបស់ខ្ញុំទាំងស្អាត មានប្រជាប្រិយ គាត់ចេះញញឹម ហើយនិយាយជាមួយគេឯងប្រកបដោយភាពទន់ភ្លន់ នាំឲ្យអ្នកផងទាំងពួងចូលចិត្តស្តាប់គាត់ ។ប្រសិនបើមានរឿងអ្វី ជួបបញ្ហាពិបាកដោះស្រាយ ខ្ញុំតែងសូមឲ្យគាត់ទៅជួយ គឺ
អាចធ្វើឲ្យបញ្ហាដោះស្រាយបានដោយរលូន ។ មិនតែប៉ុណ្ណោះអ្នកស្រីសាវន ពិតជាពូកែផ្សាយដំណឹងល្អ ថែមទៀតផង ។” លោក សាខន យល់ថាលោកត្រូវការប្រពន្ធនៅជិតលោកជានិច្ច លោកមិនអាចធ្វើកិច្ចការបម្រើព្រះតែម្នាក់ឯងដោយគ្មានជំនួយពីប្រពន្ធបានឡើយ ។ ប្រពន្ធរបស់លោកតែងជួយទាំងការងារថវិកា ការរៀបចំតុបតែងព្រះវិហារ ការផ្សាយដំណឹងល្អ រួមទាំង មុខរបរ ជាដើម ទាំងអស់នេះលោកពិតជាពេញចិត្តចំពោះភរិយាណាស់ ។
សព្វថ្ងៃ អ្នកទាំងពីរចង់ប្រាប់គេឯង ទាំងបងប្អូន មិត្តភក្ត ឬអ្នកដទៃទៀត ឲ្យបានស្គាល់ច្បាស់អំពីព្រះយេស៊ូ ដើម្បីចូលមកកាន់ទីសង្រេ្គោះដល់ព្រលឹងវិញ្ញាណ ថែមទាំងទទួលបានសុភមង្គលក្នុងជីវិតរស់នៅផ្ទាល់ខ្លួននិងក្រុមគ្រួសារ ។ ប៉ុន្តែលោកសាខននិយាយថា បានជួបប្រទះឧបសគ្គមួយដ៏ធំ គឺអ្នកដែលមានជីវភាពធូរធា គេមិនព្រមស្តាប់លោក ។ លោកនិយាយថា “គេចំអកឲ្យយើងថាបើព្រះពូកែមិនមែនឯងក្រទេ ហើយបើឯងក្រជាងខ្ញុំ កុំមកនិយាយជាមួយខ្ញុំ ចាំមានសិនចាំនិយាយគ្នា…” លោកកត់សម្គាល់ថា ការឲ្យតម្លៃលើសម្ភារនិយមពិតជាឧបសគ្គសម្រាប់មនុស្សភាគច្រើន ក្នុងការជ្រើសរើសការជឿឲ្យបានសង្រេ្គោះផ្ទាល់ខ្លួនគេម្នាក់ៗ ។ ប៉ុន្តែ ក៏មានមួយចំនួនទៀត ក៏មិនបានគិតដូច្នោះដែរ ។ អ្នកខ្លះបែជាយល់ថាទ្រព្យសម្បត្តិសំខាន់មែន ប៉ុន្តែសេចក្តីសង្រេ្គោះឲ្យរួចពីអំពើបាប នគរស្ថានសួគ៌ និងសុភមង្គលជីវិតនៅលើផែនដី ពិតជាសំខាន់លើសជាងរបស់ទ្រព្យ ទាំងនោះ ។ ទោះជាខ្លះជឿ ខ្លះមិនជឿក្តី ដោយកំពុងតែខិតខំស្រាប់ ប្តី-ប្រពន្ធ អ្នកទាំងពីរប្តេជ្ញាខិតខំបន្តទៀត ដើម្បីឆ្លើយបតចំពោះ សេចក្តីសង្រេ្គោះដោយការអត់ទោសបាប ព្រះគុណករុណា និង សេចក្តីស្រឡាញ់របស់ព្រះ ឲ្យអ្នកដទៃទៀតបានទទួល ដូចជាអ្នកទាំងពីរដែរ ៕

Share This Post

Post Comment