ស្រ្តីនៅក្នុងការដឹកនាំជំនួញ

IMG_9018

កិច្ចសម្ភាសន៍ជាមួយ អ្នកស្រី លឹម អាលីហ្សា ជានាយកប្រតិបត្តរបស់សណ្ឋាគារ ហ៊ីម៉ាវ៉ារី  

ពន្លឺកាល៖ ជម្រាបសួរអ្នកស្រី អាលីហ្សា! តើអាចណែនាំអំពី ជីវប្រវត្តផ្ទាល់ ខ្លះៗដូចជា ការអប់រំ ហើយនិងក្រុមគ្រួសាររបស់អ្នកស្រី ឲ្យយើងខ្ញុំបានស្គាល់ បានដែរឬទេ?

អាលីហ្សា៖ នាងខ្ញុំ ឈ្មោះ លឹម អាលីហ្សា ជាជនជាតិខ្មែរនិងបានទៅរស់នៅប្រទេសសិង្ហបុរី ដើម្បីរៀនសូត្រនៅទីនោះតាំងពីខ្ញុំអាយុបាន ១២ ឆ្នាំមកម្លេះ ។នាងខ្ញុំបញ្ចប់ការសិក្សាផ្នែកមុខជំនួញ ពីសកលវិទ្យាល័យផ្នែកជំនួញមួយឈ្មោះ NTU បច្ចេកវិទ្យាណានយ៉ាងនៃប្រទេសសិង្ហបុរី ។ ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំក៏បានធ្វើការលើផ្នែកប្រតិបត្តិការអភិវឌ្ឍន៍មុខជំនួញនៅមជ្ឈមណ្ឌលសិក្សា NTUC ក្នុងប្រទេសសិង្ហបុរី ។ ក្រោយពីខ្ញុំក៏បានរៀបការស្វាមី គឺលោក អេនឌ្រូ តេ យើងបានរកស៊ីបើកហាងអាហារមួយក្នុងប្រទេសសិង្ហបុរី ឈ្មោះ ខ្មែរឌីឡាយ៍ ដែលបង្កើតឡើងដោយស្វាមីខ្ញុំ ។ រយៈពេល២ឆ្នាំក្រោយពីប្រកបមុខជំនួញនេះ ខ្ញុំនិងស្វាមីក៏វិលមកប្រទេសកម្ពុជា ដើម្បីរៀបចំដំណើរការសណ្ឋាគារ ហ៊ីម៉ាវ៉ារី តែម្តង ។

ស្វាមីរបស់នាងខ្ញុំគឺ លោក អេនឌ្រូ គឺជាមនុស្សម្នាក់ដែលបាននាំខ្ញុំ ឲ្យមានជំនឿក្លាយខ្លួនជាគ្រិស្តបរិស័ទម្នាក់ ដែលជាច្រើនឆ្នាំកន្លងទៅ ខ្ញុំមានចិត្តរារែក ។ ប៉ុន្តែពេលមួយ ព្រះបន្ទូលអំពីព្រះគុណនៃព្រះ ដែលអធិប្បាយដោយលោកគ្រូ គួន គីម សេង បានប៉ះពាល់ដួងចិត្តខ្ញុំជាខ្លាំង ។ លោកគ្រូ និយាយថា ព្រះយេស៊ូជាព្រះដែលប្រកបដោយព្រះគុណ ។ ខ្ញុំអរព្រះគុណព្រះចំពោះសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ និងព្រះគុណ ដោយព្រះទ្រង់បានអោបយើង ទទួលយើងដោយមិនរាប់ពីកំហុសដែលយើងមានថែមទាំងបានសុគតដើម្បីលុបលាងអំពើបាបទាំងប៉ុន្មានដែលយើងមាន ។ ដោយសារតែព្រះគុណនេះហើយ ទើបធ្វើឲ្យខ្ញុំបានត្រ-ឡប់ជាគ្រិស្តបរិស័ទម្នាក់មកដល់ថ្ងៃនេះ ។
នាងខ្ញុំមានកូនបីនាក់ ដែលកូនបងគេអាយុ ៥ ឆ្នាំ ទីពីរ អាយុ ៣ឆ្នាំ និង ពៅគេ ទើបតែបាន ៩ ខែប៉ុណ្ណោះ ក្នុងខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ។

ពន្លឺកាល៖ ចុះបើតាមគំនិតយល់ឃើញផ្ទាល់របស់អ្នកស្រី តើស្រ្តី
ដែលព្រះបានបង្កើតមក មានតួនាទីបែបណាខ្លះដែរ?

អាលីហ្សា៖ ដូចដែលខ្ញុំបានរៀបរាប់ខ្លះហើយថា ជីវិតជាគ្រិស្ត បរិស័ទ បើតាមខ្ញុំយល់តួនាទីរបស់ស្រ្តីម្នាក់ ដូចជាជីវិតខ្ញុំដែរ គឺតែងតែរស់នៅក្នុងសេចក្តីជំនឿតាមព្រះបន្ទូលព្រះ ។ ខ្ញុំជឿថា ព្រះបានបង្កើតស្រី្តសម្រាប់ជាអ្នកបន្តពូជមនុស្ស តាមរយៈការបង្កើតកូនពូនជាចៅហើយជាជំនួយដល់បុរសជាស្វាមី ។ នេះគូសបញ្ជាក់ថា ស្វាមីរបស់នាងគឺជាអ្នកដែលរកស៊ីចិញ្ចឹមដល់គ្រួសារនាង ។ ដោយសារតែស្វាមី មានតួនាទីជាមេលើគ្រួសារ ហេតុនេះគ្មានហេតុផលអ្វីដែលស្រ្តីត្រូវទៅត្រួតត្រាលើតួនាទីនៃស្វាមីរបស់នាងឡើយ ។ ព្រះចង់ឲ្យបុរសទាំងឡាយ អនុវត្តនូវ
ការដឹកនាំតាមរបៀបរបស់ព្រះអង្គ ដោយផ្គត់ផ្គង់តម្រូវការ និងការពារចំពោះគ្រួសារ ។ គំនិតមួយជ្រុងទៀត ស្រី្តក៏ត្រូវតែអនុវត្តនូវគម្រូរបស់ព្រះជាម្ចាស់ក្នុងការចុះចូលផងដែរ ។ ព្រះបានបង្កើតស្រ្តីមកក្នុងរូបរាងដ៏ស្រស់ស្អាតដើម្បីជាជំនួយដល់បុរសដោយតុបតែងរាងកាយ និងគំនិតឲ្យទន់ភ្លន់ និងសុភាពរាបសារ ។ រូបរាង្គរបស់ស្រ្តី វិសេសគួរឲ្យស្ញប់ស្ញែង ដែលកើតមកសម្រាប់បង្កើតនិងថែទាំដល់កូនៗ ប្រកបដោយប្រាជ្ញាដ៏ឆ្លៀវឆ្លាត គឺជាទ្រព្យដ៏អស្ចារ្យសម្រាប់ស្វាមីយើង ។ យើងដើរតួនាទី នៅក្នុងនិមិតរូបនៃទំនាក់ទំនងព្រះជាម្ចាស់ជាមួយនិងមនុស្ស ដែលការចុះចូលនិងឯករាជ្យភាពរបស់យើងចំពោះស្វាមីនេះហើយ គឺជារបៀបស្តាប់បង្គាប់ព្រះជាម្ចាស់ ដែលទ្រង់ចង់ឲ្យយើងសម្តែង
ចេញចំពោះព្រះអង្គ ។

ព្រះបង្កើតស្រ្តីមកពីឆ្អឹងជំនីរបស់បុរស គឺមិនមែនបង្កើតស្រ្តីចេញពីធូលីដីដូចជាព្រះបង្កើតមនុស្សប្រុស នោះទេ។ ទ្រង់បានជ្រើសរើសឆ្អឹងជំនី ដែលនៅជិតក្បែរនិងការពារបេះដូងនិងសួត សម្រាប់ឲ្យបុរសមានជិវិតរស់ ។ បេះដូងគឺជាមណ្ឌលដ៏សំខាន់ជាងគេនៃរាង្គកាយទាំងមូល ហើយសួតគឺជាកន្លែងដែល ដកដង្ហើមដើម្បីរស់ ។ ឆ្អឹងជំនីមានតួនាទីហ៊ុំព័ទ្ធការពាររហូតអាចបាក់ មុននឹងគ្រោះថ្នាក់មួយ អាចទៅប៉ះទង្គិចដល់បេះដូង ។ ហេតុនេះ ក្នុងនាមស្រ្តីម្នាក់ មានតួនាទីសំខាន់ណាស់ក្នុងការទ្រទ្រង់ស្វាមី ដូចជាសន្ទះឆ្អឹងជំនី ដែលការពារដល់រាង្គកាយយើងទាំងមូលដែរ ។ ស្រ្តី មិនមែនកើតចេញពីជើងដែលស្ថិតនៅពីក្រោម ឬមួយកើតពីក្បាលឲ្យនៅលើបុរសនោះទេ ស្រ្តីគឺស្ថិតនៅចំហៀងក្បែរខាងបុរស ឈរជំហរដោយកៀកប្រកិតជាមួយនឹងបុរស ។ ស្រ្តីត្រូវតែគាំទ្របុរសដែលជាស្វាមី ។ ស្រ្តីជាមនុស្សជាតិ ដែលត្រូវដឹងថាយើងជាអ្នកផ្តល់ឲ្យស្វាមីយើងខ្ចីនូវអំណាចនិងអារម្មណ៍ ដែលព្រះបានផ្តល់ឲ្យយើង ។ នៅក្នុងចរិយាសុភាពស្ងៀមស្ងាត់ យើងត្រូវបង្ហាញនូវកម្លាំងនិងក្តីស្រឡាញ់ទៅកាន់ស្វាមី ពីព្រោះយើងជា “ឆ្អឹងជំនី” សម្រាប់ការពារភាពខាងក្នុងរបស់ស្វាមី ។ ត្រឡប់មកវិញ បុរស ជាស្វាមី ត្រូវប្រព្រឹត្តចំពោះភរិយាដូចគ្នាដែរ ។ ស្វាមីក៏ត្រូវតែស្រឡាញ់ និង
គោរពចំពោះភរិយាដូចគ្នាដែរ ពីព្រោះស្រ្តីយើងគឺជាមនុស្សផុយស្រួយ ហើយប្រសិនជាបុរសធ្វើឲ្យភរិយាខ្លួនឈឺចាប់ នោះក៏ធ្វើឲ្យខ្លួនឯងក៏ដូចជាព្រះ ឈឺចាប់ដែរ ។

ពន្លឺកាល៖ មានស្រ្តីជាច្រើន ដែលបានដាក់ខ្លួនចូលទៅក្នុងមុខជំនួញ ដែលជាបំណងប្រាថ្នាមួយ ។ តាមបទពិសោធន៍
ដែលអ្នកស្រីមាន តើមានផលលំបាកអ្វីខ្លះ ត្រូវដោះស្រាយដែលទទួលបានផលប្រយោជន៍អ្វីខ្លះ ចេញពីការចូលរួមក្នុង
មុខជំនួញរបស់ អ្នកស្រី ?

អាលីហ្សា៖ ខ្ញុំសូមលើកឡើងពីអត្ថប្រយោជន៍ជាមុនសិន ក្រោយមកយើងនឹងបង្ហាញពីការប្រឈមនានាដែលចាំបាច់ ត្រូវដោះស្រាយ ។បច្ចុប្បន្ន ដែលយើងម្នាក់ៗរស់នៅក្នុងពិភពលោក ដែលមានការអភិវឌ្ឍន៍ទៅមុខ ស្រ្តីត្រូវខិតខំរៀនសូត្រមានចំណេះដឹងខ្ពស់ ដែលមានឱកាសផ្នែកសេដ្ឋកិច្ចជាច្រើនសម្រាប់ស្រ្តីទទួលបាន ។ អញ្ចឹង យើងម្នាក់ៗត្រូវតែសកម្មឡើង នៅក្នុងវិស័យសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលបានល្អដើម្បីរួមចំណែកជួយដល់គ្រួសារ និងសង្គមជាតិ របស់យើង ។ ដើម្បីក្លាយជាមនុស្សសកម្មនៅក្នុងផ្នែកសេដ្ឋកិច្ចមានន័យថា ស្រ្តីក៏ត្រូវតែបង្កើនការរៀនសូត្រពីបទពិសោធន៍ធ្វើឲ្យមានការទទួលស្គាល់ និងកសាងនូវបណ្តាញជាច្រើន ។
ចេញពីផលលំបាក ដែលខ្ញុំបានកើតមកក្នុងវប្បធម៌សង្គមមួយដែលអភិវឌ្ឍនតិតតួច ប៉ុន្តែចាប់យកបាន នូវឱកាសមាស សម្រាប់ការអប់រំដ៏ល្អមួយ ក្នុងប្រទេសឈានមុខ នៅសិង្ហបុរី ។ ការចូលប្រឡូកក្នុងកិច្ចការជំនួញនេះ គឺជាការអនុវត្តន៍នូវអ្វីដែលខ្ញុំរៀនចេញពីសាលានៅទីនោះ ។ ខ្ញុំបានកា្លយជាដៃគូដ៏ទុកចិត្ត ជាសម្ព័ន្ធមិត្តរបស់ស្វាមីនៅក្នុងមុខជំនួញដែលយើងកំពុងមាន ហើយគឺជាផ្នែក ក្នុងការគ្រប់គ្រងទាំងឡាយ ក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារី ។ ហេតុនេះហើយ ខ្ញុំបានដាក់ចិត្តយ៉ាងមោះមុត លះបង់អស់ពីសមត្ថភាពចំពោះមុខជំនួញនេះ ។ មិនតែប៉ុណ្ណោះ ដោយអនុវត្តតាមអ្វីដែលខ្ញុំបានរៀនផង នេះគឺជាផ្នែកដែលខ្ញុំអាចកសាងខ្លួនតទៅមុខ ប្រកបដោយសមត្ថភាព ដ៏មុតស្រួច រួមទាំងបទពិសោធន៍កាន់តែច្រើន គឺនៅពេលនោះហើយដែលអាចជួយចែករម្លែកអ្វីៗដែលខ្ញុំមាន ដល់សមាជិកគ្រួសារខ្ញុំ ក្រុមការងារ និង
មិត្តភក្តទាំងឡាយបាន ។

ចំពោះភាពពេញនិយមវិញ ខ្ញុំក៏មានឱកាសរៀនបានច្រើនចេញ ពីបទពិសោធន៍អ្នកផ្សេងៗដែលមាន តាមរដូវកាលអ្នកជំនួញ និងក្រុមការងារ ជាដើម ។ សម្រាប់ខ្ញុំ នេះគឺជាឱកាសមួយដែលត្រូវ “លើកកម្ពស់” ខ្លួនឯង
និងចែករម្លែកចំណេះដឹង រួមទាំងបទពិសោធន៍ជាមួយអ្នកដទៃដែលចង់រៀនពីខ្ញុំ ។ ប៉ុន្តែ ក្នុងនាមជាម្តាយម្នាក់ដែលធ្វើការ ខ្ញុំបានរៀនសូត្រធ្វើបែបណា ដើម្បីផ្តោតអារម្មណ៍និងធ្វើឲ្យមានប្រសិទ្ធិផលជាទីបំផុត ។ ខ្ញុំត្រូវធ្វើអ្វីៗយ៉ាងមានប្រសិទ្ធិភាព រួចឆ្ពោះទៅកាន់ចំណុចដែលខ្ញុំចង់បាន ។ ខ្ញុំត្រូវប្រើពេលដែលខ្ញុំមានឲ្យបានល្អ ហេតុនេះទើបខ្ញុំអាចថ្លឹងថ្លែងរវាងតុល្យភាពការងារ ហើយនិងជីវិតគ្រួសារខ្ញុំទៅបាន ។ ខ្ញុំក៏ត្រូវតែដឹងច្បាស់នូវភាពឯករាជ្យរបស់ខ្ញុំថា ខ្ញុំមិនត្រូវពឹងផ្អែកទាំងស្រុងលើស្វាមី ក្នុងការផ្គត់ផ្គង់ ពីព្រោះខ្ញុំមានសមត្ថភាពក្នុងការធ្វើការងារដោយខ្លួនឯងបាន និងអាចជួយដល់គ្រួសារខ្ញុំខាងផ្នែកហិរញ្ញវត្ថុទៀតផង ។ តាមរយៈការងារ និងជំនួញដែលខ្ញុំមាន ខ្ញុំរីករាយស្កប់ចិត្តក្នុងកម្រិតមួយនៃជីវិតនិងដោយការទទួលស្គាល់ ទាំងចំពោះមុខជំនួញនិងរង្វង់នៃសង្គមផង ។ កើតចេញជាលទ្ធផល គឺខ្ញុំអាចកសាងនូវបណ្តាញនៃសង្គមមុខជំនួញមួយដ៏ល្អ ។ បណ្តាញមួយនេះ គឺមានសារសំខាន់បំផុត ។ វាអាចជួយកសាងនូវមុខជំនួញទៅមុខ ហើយឬក៏ ជួយខ្លួនខ្ញុំដើម្បីចាប់ផ្តើមដំណើរជីវិតថ្មីមួយ តទៅទៀត ។ ខ្ញុំស្គាល់អ្នកដែលខ្ញុំត្រូវហៅរក និងអ្នកដែលត្រូវផ្សាភ្ជាប់ ។ លើសពីនេះ ក្នុងការងារនិងមុខជំនួញរបស់ខ្ញុំ ក៏ជួយឲ្យខ្ញុំមានឱកាសក្នុងការបម្រើសហគមន៍របស់ខ្ញុំផងដែរ ។ បច្ចុប្បន្ន ខ្ញុំក៏មាននាទីជាប្រធាននៃអង្គការមនុស្សធម៌ St John ប្រចាំទៅក្រុងភ្នំពេញ ដែលជួយក្នុងការផ្តល់ការហ្វឹកហ្វឺនជំនួយសង្រ្គោះបឋម ហើយខ្ញុំក៏ជាអគ្គរាជទូតសកលោកប្រចាំឲ្យសាលាដែលខ្ញុំបានរៀនខ្ញុំគឺជាអគ្គលេខាធិការនៃអតីតនិស្សិតចាស់ប្រចាំសកលវិទ្យាល័យរបស់ខ្ញុំប្រចាំប្រទេសកម្ពុជា និងជាសប្បុរសជនអ្នកឧបត្ថម្ភតូចមួយ សម្រាប់មន្ទីរពេទ្យស្ត្រីមួយ ក្នុងរាជធានីភ្នំពេញ ។ តាមរយៈជំនួញ នាំមកនូវផលផ្លែដ៏មានឥទ្ធិពលនិងបញ្ចេញទៅខាងក្រៅជាបន្តបន្ទាប់ រាលដាលកាន់តែធំឡើង ជាជាងខ្ញុំធ្វើត្រឹមតែជាមេផ្ទះពេញពេលម្នាក់ ។

ដោយការប្រឈមដើម្បីដោះស្រាយបញ្ហា ចាប់ផ្តើមពីការចាប់យកតម្រូវការដែលទាមទារនៅក្នុងការងារ និងពីគ្រួសារជាទីស្រឡាញ់ យើងក៏ចំណេញប៉ុន្តែក៏ត្រូវខាតបង់ខ្លះដែរ ។ ប៉ុន្តែ ខ្ញុំគឺជាមនុស្សម្នាក់ដែលយកគ្រួសារជាទីមួយ ។ ទោះយ៉ាងណា ខ្ញុំចង់ចំណាយពេលបានច្រើនជាមួយកូនៗនិងស្វាមី និងឪពុកម្តាយខ្ញុំ ឲ្យបានច្រើនដូចជាម្តាយៗឯទៀត ដែលមានតួនាទីពេញពេលដែរ ។ ខ្ញុំសម្លឹងឃើញតួនាទីរបស់មេផ្ទះពេញពេលមួយដ៏ថ្លៃថ្នូរ ជាពិសេសអ្នកម្តាយប្រកបដោយចំណេះដឹងនិងសមត្ថភាព ជាអ្នកដែលផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងដល់គ្រួសារ ។ ហេតុនេះធ្វើជាមេផ្ទះពេញ
ពេល គឺមានន័យថា ស្រ្តីត្រូវធ្វើការទាំង២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយសឹងតែមិនទទួលបានប្រាក់កម្រៃត្រឡប់មកវិញផង ។

ស្រ្តីសុខចិត្តបោះបង់ ដោយប្រឹងប្រែងប្រាថ្នានូវអ្វីដែលខ្លួនចង់បានឬសុខចិត្តធ្វើអ្វីៗទាំងអស់ ។ ដោយទឹកចិត្តលះបង់នូវសុបិនផ្ទាល់ខ្លួន និងការដែលចង់ឲ្យសម្រេចអ្វីៗទាំងអស់នោះ ជារឿយៗ គឺធ្វើសម្រាប់តែស្វាមីនិងកូនៗ ទទួលបានអ្វីដែលល្អបំផុតប៉ុណ្ណោះ ។ ខ្ញុំក៏សង្ឃឹមថា ស្រ្តីអាចទទួលបានអត្ថប្រយោជន៍និងក្តីត្រេកអរ ត្រឡប់មកវិញដែរ ។ រង្វាន់នេះគឺជាកូនៗដែលទទួលបានការថែទាំ មានការលូតលាស់ដ៏ល្អពីម្តាយជាងកូនដែលទុកឲ្យអ្នកដទៃជួយមើលថែ ។
ចេញពីអារម្មណ៍នេះ ខ្ញុំក៏ជួបប្រទះការលំបាកដែរក្នុងការដឹកនាំគ្រួសារមួយ និងមុខជំនួញមួយ គឺមិនអាចខ្វះអ្នកដែលជួយមើលថែបានទេ ។ ខ្ញុំអរគុណព្រះ ដែលប្រទានឲ្យខ្ញុំមានអ្នកមើលថែដ៏ល្អ ខ្ញុំសូមផ្តល់ចំណែកនៃការ
សរសើរដ៏ល្អនេះ ទៅដល់អ្នកមើលថែកូនរបស់ខ្ញុំ ។សូមដឹងថា កាលណាយើងត្រូវរាប់រងទាំងការងារផង និងគ្រួសារផង
បែបនេះ គឺយើងមានពេលវេលាតិចតួច សម្រាប់ខ្លួនឯង ។ បច្ចុប្បន្ន ខ្ញុំប្រគល់នូវពេលវេលារបស់ខ្ញុំភាគច្រើនបំផុត រវាងការងារនិងគ្រួសាររបស់ខ្ញុំ ដោយសារខ្ញុំមានកូននៅបៅដោះមួយ និង កូននៅតូចពីរនាក់ទៀត ។ លំនឹងដ៏ល្អ និងការយល់ដឹងរបស់ក្រុមការងារនៅក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារី ជួយខ្ញុំយ៉ាងច្រើនក្នុងការផ្តល់ឲ្យនូវអ្វីដ៏ល្អបំផុតសម្រាប់កូនៗរបស់ខ្ញុំ រាប់ទាំងការបំបៅដោះ ផងដែរ ។ ពិតណាស់ កូនម្នាក់ៗយ៉ាងតិចត្រូវចំណាយរយៈពេលមួយឆ្នាំ ។ នេះ
គឺជាការប្រឈមមុខដោះស្រាយក្នុងកិច្ចការជាម្តាយ ហើយខ្ញុំអរព្រះគុណដែលខ្ញុំអាចធ្វើបាន ។

ខ្ញុំគឺជាមនុស្សខុសពីអ្នកដទៃ ដែលមានលក្ខណៈស្ងៀមស្ងាត់ខ្មាស់អៀនបញ្ចេញមុខតាមប្រព័ន្ធផ្សព្វផ្សាយ ។ ទោះជាខំលាក់យ៉ាងណា ក៏នៅតែមានគេនាំទៅឲ្យបញ្ចេញខ្លះៗជាប្រចាំដែរ ។ ធ្វើជាអ្នកទទួលខុសត្រូវចំពោះហាងអាហារខ្មែរមួយនៅសិង្ហបុរីឈ្មោះ ខ្មែរឌីឡាយ៍ ខ្ញុំនិងស្វាមីត្រូវបានបណ្តាញបោះពុម្ពផ្សាយនីមួយៗ ចុះផ្សាយយ៉ាងតិច២០ដង ។ បច្ចុប្បន្នតាមរយៈសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្លឹបសិង្ហបុរី និងការចូលរួមជាមួយ សិន ចន ខ្ញុំក៏បានលេចមុខជាច្រើនបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយ ហើយពេលនេះមានកិច្ចសម្ភាសន៍ជាមួយ ទស្សនាវដ្តី “ពន្លឺកាល” ទៀត ។ ខ្ញុំរៀនបានថា ការចុះផ្សាយរបស់
ប្រព័ន្ធផ្សព្វផ្សាយ ផ្តល់នូវឯកសិទ្ធិដ៏ពិសេសជាកិត្តិយសមួយដែលខ្ញុំគួរតែថ្លែងអំណរគុណ ។ នេះក៏ជាឱកាស ដែលយើងអាចឈោងទៅកាន់មនុស្សជាច្រើនថែមទៀតដែលគេអាចស្គាល់អំពីខ្ញុំច្រើនថែមទៀត ហើយក៏សង្ឃឹមថា គេក៏ទទួលបាននូវអត្ថប្រយោជន៍ពីការចែករម្លែករបស់ខ្ញុំផងដែរ ។ ស្រ្តីខ្លះ យ៉ាងហោចក៏បានទទួលបានការជម្រុញទឹកចិត្តក្រោយពីបានដឹងរឿងរបស់ខ្ញុំ ពីអ្វីដែលខ្ញុំនិយាយ ហើយខ្ញុំក៏ទទួលបានភាពរីករាយមកវិញ ដោយសង្ឃឹមនឹងចែករម្លែកអ្វីដែលជាអត្ថប្រយោជន៍ដ៏មានអត្ថន័យចំពោះស្រ្តី វិញដែរ ។ យើងចែករម្លែកនិងរៀនពីគ្នា គឺដើម្បីការរីកចម្រើនទាំងអស់គ្នា ។

ពន្លឺកាល៖ តើហេតុអ្វីបានជាសង្គមត្រូវការស្រ្តីដែលរឹងមាំ?

អាលីហ្សា៖ តាមអត្ថន័យដែលខ្ញុំចង់សំដៅនេះ ស្រ្តីដែលរឹងមាំ គឺតែងមានឯករាជ្យភាព និង ជោគជ័យក្នុងការបំពេញតួនាទីរបស់ខ្លួន រាប់ទាំងមុខជំនួញរបស់ខ្លួន តួនាទីជាម្តាយ ជាកូនស្រី ជាបងស្រី ជាពលរដ្ឋម្នាក់ ឬនិងអាច ជាអ្នកជឿតាមព្រះយេស៊ូម្នាក់ ។ យ៉ាងណាក៏ដោយតំបូងបំផុតគឺរឹងមាំចំពោះគ្រួសារ យើង ទើបយើងអាចផ្តល់នូវអ្វីៗដ៏ល្អ ចិញ្ចឹមដល់កូនៗបាន ។ យើងត្រូវតែរឹងមាំទើបយើងអាចធ្វើជាអ្នកជំនួយដ៏ល្អដល់ស្វាមីរបស់យើង ជាកូនស្រីដ៏ល្អកត្តញូសម្រាប់ឪពុកម្តាយ ជាបងឬប្អូនស្រីដែលជួយថែទាំបងប្អូន ជាមិត្តភក្តល្អ និង ជាពលរដ្ឋល្អដែលជួយបម្រើសហគម ហើយដើម្បីបម្រើព្រះជាម្ចាស់ ។

ពន្លឺកាល៖ ចុះតើស្រ្តីដែលរឹងមាំ មានអ្វីធ្វើជាគ្រឹះទើបអាចសាងសង់ជីវិតបែបនេះបាន?

អាលីហ្សា៖ ស្រ្តីដែលរឹងមាំ គឺចាប់ផ្តើមពីសុខមាលភាពរឹងមាំ ។ យើងត្រូវរស់នៅបែបណាដើម្បីឲ្យមានសុខមាលភាពល្អ ទាំងការបរិភោគ និង លំហាត់ប្រាណជាដើម ។ សុខភាពគឺសំខាន់ ប្រសិនបើគ្មានវាទេ គឺយើងគ្មានអ្វីទាំងអស់ ។
បន្ទាប់មកទៀត យើងត្រូវប្រើគំនិតយើងឲ្យបានត្រឹមត្រូវ ដោយគិតអ្វីដែលវិជ្ជមានប្រកបដោយអត្តចរិត និងវិញ្ញាណក្នុងការផ្តល់តម្លៃ និងគោរពដល់ខ្លួនឯង ។ ទាំងអស់នេះ យើងទទួលបានដោយការស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ ទទួលស្គាល់ខ្លួនឯងថាយើងជានរណាមួយអត់ឱននូវកំហុសផ្សេងៗរបស់ខ្លួនឯង តាំងពីអតីតកាល និងសម្លឹងមើលភាពវិជ្ជមានពីអ្វីដែលយើងកំពុងធ្វើ ។ កាលណាយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ យើងកាន់តែត្រេកអរនឹងភាពខុសប្លែកដែលយើងមានហើយធ្វើឲ្យយើងកាន់តែគោរពចំពោះខ្លួនឯង ។ យើងត្រូវការលាតត្រដាងនូវគោលការណ៍ក្នុងជីវិតរបស់យើង លក្ខណៈផ្ទាល់ខ្លួន និងអំណោយទាន ដែលត្រូវធ្វើម៉េចបង្កើនចំណុចទាំងនេះឲ្យបានប្រសើរឡើង ។ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ មកកំណត់នូវគុណតម្លៃរបស់យើងផ្ទាល់ខ្លួនបានដែរ ។

ការអប់រំគឺជាគន្លឹះសំខាន់ណាស់ក្នុងការបង្កើនអំណាចរបស់ស្រ្តី ដែលមានទាំងផ្លូវការនិងមិនផ្លូវការ ។ ការអប់រំជាផ្លូវការគឺកើតចេញពីប្រព័ន្ធអប់រំរបស់សាលា ទទួលនូវការទទួលស្គាល់តាមគុណសម្បត្តិរៀងៗខ្លួន ។ មានសាច់ញាតិម្នាក់ សួរខ្ញុំថា តើនាងគួរបញ្ជូនកូនស្រីទៅមហាវិទ្យាល័យមួយណា ដើម្បីជួយកូនមកធ្វើជំនួញក្នុងគ្រួសារនាងឲ្យរីកចម្រើនបាន ។ តាមគំនិតរបស់ខ្ញុំមើលឃើញការអប់រំគឺជាជំនួយដ៏សំខាន់ដល់កូនស្រី ក្នុងការចូលរួមក្នុងមុខជំនួញ ដែលគេមិនត្រូវពន្យាពេលទេ ។ ប្រសិនបើយើង មិនមានឱកាសក្នុងការអប់រំតាមប្រព័ន្ធនោះទេ អញ្ចឹងយើងអាចចូលរួមក្នុងវគ្គអប់រំខ្លីៗ តាមបណ្តាញអុិនធើណេត រៀនពីគ្រូមានបទពិសោធន៍ នោះក៏ជាជំនួយផងដែរ ។ ការរៀន គឺមិនចេះចប់នោះទេ ។
បង្កើននូវទំនួលខុសត្រូវផ្ទាល់ខ្លួននិងមានការប្តេជ្ញាចិត្តខ្ពស់លើតួនាទីអ្វីដែលយើងត្រូវធ្វើ ក៏ជាសារសំខាន់ ។ នោះគឺតែងតែផ្តោតនូវការយកចិត្តទុកដាក់ដ៏ល្អ ក្នុងនាមជាម្ចាស់លើមុខជំនួញមួយ ជាភរិយាម្នាក់ ជាម្តាយ ជាដៃគូការងារ មិត្តភក្តិ និងជាពលរដ្ឋ និង ជាអ្នកជឿដ៏ល្អ។ ទទួលយកទំនួលខុសត្រូវ ដោយការប្តេជ្ញាចិត្ត ធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង ។

ជាចុងក្រោយ យើងត្រូវថែទាំនូវបេះដូងសប្បុរសនិងក្តីស្រឡាញ់ ។ នៅពេលដែលយើងទទួលបានព្រះពរ ដោយសម្រេចបាននូវជោគជ័យ ក្នុងមុខជំនួញ ការងារ ឬជីវិតផ្ទាល់របស់យើងក្លាយទៅជានរណាម្នាក់ហើយ យើងត្រូវបន្តនូវព្រះពរ ក្នុងការជួយអ្នកដទៃ ដែលកំពុងជួបតម្រូវការ ។ មានតែពេលដែលយើងផ្តល់ព្រះពរដល់អ្នកដទៃទេ ទើបយើងអាចទទួលព្រះពរ តទៅមុខទៀតពីព្រះបាន ។

ខ្ញុំមានប្រភពកម្លាំងចេញពីជំនឿរបស់ខ្ញុំជាគ្រិស្តបរិស័ទ ជឿចំពោះព្រះជាម្ចាស់ ។ នេះគឺជាឯកសិទ្ធិដែលខ្ញុំត្រេកអរជាមួយអ្នកជឿឯទៀត ។ ខ្ញុំដឹងថាព្រះនឹងតែងតែនៅជាមួយខ្ញុំ ទាំងក្នុងពេលវេលាដែលរីករាយ ទាំងពេលវេលាលំបាក ហើយខ្ញុំទុកចិត្តថា ទ្រង់តែងតែចង់ផ្តល់អ្វីដ៏ល្អបំផុតមកឲ្យខ្ញុំ ។ ទ្រង់សន្យាដល់យើងតាមព្រះគម្ពីរ យេរេមា ២៩:១១ ថា ទ្រង់ស្គាល់ផែនការដែលទ្រង់មានសម្រាប់យើង ដូច្នេះ៖ «ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យើងស្គាល់សេចក្តីដែលយើងគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម» ។ ហេតុនេះ ខ្ញុំខិតខំអស់ពីសមត្ថភាពបំពេញតាមផ្នែកដែលខ្ញុំមាន ដោយទុកចិត្តថា ផ្នែកដទៃទៀត គឺជាព្រះហស្តរបស់ព្រះដ៏មានព្រះចេស្តា ជា
អ្នកសម្រេច ៕

Share This Post

Post Comment