មុខជំនួញដែលទាក់ទាញនៅក្នុងប្រទេសកំណើត

Superstore owner
លោក ហម គីមសាន និង អ្នកស្រី តែ យូលីម​ មានឈាមជ័រចេញពីត្រកូលគ្រួសារអាជីវករ រកស៊ីនៅក្នុងទីក្រុងភ្នំពេញ ដោយបានឆ្លងកាត់នៅក្នុងជំនាន់ ប៉ុលពត ទើបអ្នកទាំងពីរ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ ក្រោយពីរំដោះ រហូតដល់ឆ្នាំ ១៩៨៤ អ្នកទាំងពីរ ក៏បានសម្រេចចិត្តផ្សងព្រេងនៅក្នុងជំរុំជន​ភៀសខ្លួនមួយ ឯជាយដែនកម្ពុជា-ថៃ ។ ជាសំណាង​​ល្អ ក្នុងឆ្នាំ ១៩៨៨ គ្រួសារអ្នកទាំងពីរក៏ត្រូវបានអនុញ្ញាតិអោយទៅរស់នៅ ឯប្រទេសកាណាដា រហូត​មក ។ នៅទីនោះ គ្រួសារលោក ហម គីមសាន និង អ្នកស្រី តែ យូលីម​បានខិតខំធ្វើការយ៉ាងសកម្មហើយ
ក៏បានសន្សំដើមទុនបង្កើតបាន អាហារដ្ឋាន១និងកន្លែងលក់គ្រឿងអលង្កា១កន្លែងដែរ ។ ដោយសារ​តែនឹកស្រុក​​កំណើត ដែលបាន
ឃ្លាតអស់រយៈ ជាង​២ទសវត្សរ៍មកផង ហើយចង់ជួយដល់ប្រទេសជាតិ​ខ្លួនផងនោះ លុះដល់ឆ្នាំ ២០១១ ក្រុមគ្រួសារអ្នកទាំង​ពីរ ក៏បានសម្រេចចិត្ត​វិលមកប្រទេសកម្ពុជាវិញ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង “ពន្លឺកាល” អ្នក​ទាំងពីរ បានរៀបរាប់ទាំងទឹកមុខញញឹមរីករាយ​មកកាន់យើងថា៖ “យើងខ្ញុំមកស្រុកកំណើត ដោយមានបំណងរួមចំណែកជួយអភិវឌ្ឍ​ស្រុក​ខ្មែរយើង អោយដូចជាស្រុកគេដែលជឿនលឿនដែរ។ ខ្ញុំឃើញមានជនជាតិបរទេសជាច្រើន មកបង្កើតមុខជំនួញធំៗតែសម្រាប់ជនជាតិខ្មែរយើង ខ្ញុំមិនសូវឃើញមាន​ច្រើនទេ។ ហើយក្នុងនាមជាខ្មែរ ខ្ញុំចង់ផ្តល់អ្វីដែល​ល្អ ជួយជាតម្រូវការសម្រាប់ស្រុកយើង ​ឲ្យរីកចម្រើន​ដូចជាស្រុកគេ ដែលខ្ញុំរស់នៅដែរ។”
ផ្តើមពីពេល ដែលបានចូលមកដល់ប្រទេស​កម្ពុជាភ្លាម ដោយសារតែមានគោលដៅច្បាស់ ក្នុង​​មុខជំនួញ អ្នកទាំងពីរបាន ចំណាយពេល ដើម្បី​សិក្សាស្វែងយល់ អំពីស្ថានភាពរស់នៅ និងតម្រូវការពិត ដែលប្រជាជនកម្ពុជាចង់បាន ។ រយៈពេលមួយឆ្នាំ ក្រោយពីយល់ច្បាស់ពិតប្រាកដហើយ លោកនិងអ្នកស្រី ក៏សម្រេចបង្កើតនូវមុខជំនួញសំខាន់ពីរ គឺអាហារដ្ឋានមួយ ឈ្មោះ “វីឡា” និងផ្សារទំនើបមួយ ឈ្មោះ “ស៊ូភើស្ទ័រ” ។
​ ប្រសិនជាធ្វើដំណើរនៅលើផ្លូវ៥៩៨ (ផ្លូវត្រឡោកបែក)ដល់កែងភ្លើងស្តុបបត់ចុះទៅបណ្តោយផ្លូវធំលេខ១៩៨៦ (ផ្លូវភ្នំពេញថ្មី) ជិតដល់មន្ទីរពេទ្យសែនសុខ គេនឹងក្រឡេក​ឃើញផ្សារទំនើបមួយយ៉ាងធំ ស្ថិតនៅខាងឆ្វេងដៃ (​នៅផ្នែកខាងត្បូងតាមបណ្តោយ​ផ្លូវ​១៩៨៦) គឺជាផ្សារទំនើប “ស៊ូភើស្ទ័រ”។
ផ្សារទំនើបនេះ មានទីតាំងដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ការជ្រើសរើសទីតាំង គឺលោកនិងអ្នកស្រី មើលឃើញនូវសក្តានុពលខ្លាំង ដោយសារ លំនៅដ្ឋាននៅតំបន់នេះរីកដុះដាលលឿន។ មនុស្សចាកចេញពីកណ្តាលក្រុង ផ្លាស់ទី
មករស់នៅទីនេះ ពីព្រោះនៅទីក្រុង ចង្អៀតឡើងៗ ។ បើតាមប្រសាសន៍អ្នកទាំងពីរ ” មនុស្ស ភាគច្រើននៅក្បែរៗនេះ ពេញចិត្តនឹង ទីតាំងផ្សារទំនើបយើងណាស់ ពីព្រោះមិន ទាន់មាន ផ្សារទំនើបធំណាមួយ ដែលមាននៅទីនេះទេ។” ការជ្រើសរើសទីកន្លែង ក៏ស៊ីគ្នានឹងគម្រោងយុទ្ធសាស្រ្តរបស់អជ្ញាធររាជធានីភ្នំពេញ ក្នុងការពង្រីកក្រុងផ្នែកខាងលិចឲ្យកាន់តែធំដែរ ។
ផ្សារទំនើបស៊ូភើស្ទ័រ ចាប់សាងសង់ពីឆ្នាំ២០១២ដល់២០១៣ អស់រយៈពេល ជាងមួយឆ្នាំ ដោយផ្តល់ឲ្យអតិថិជននូវប្រភេទ
ទំនិញសព្វមុខ ដែលគេត្រូវការ ត្រឹមត្រូវតាម​និយាម (ស្តង់ដារ) អន្តរជាតិ នៃផ្សាទំនើបមួយដ៏ពិតប្រាកដ ។ លោក ហម គីមសាន មាន
ប្រសាសន៍ថា៖ “ខ្ញុំចង់អោយប្រទេសកម្ពុជាយើងមានផ្សារទំនើប ដែលមានស្តង់ដារខ្ពស់ជា​អន្តរជាតិ។ ប្រសិនបើគេធ្លាប់ឃើញផ្សារទំនើប នៅប្រទេសជឿនលឿនបែបណា ពេលឈានជើងចូល មកក្នុងស៊ូភើស្ទ័រយើង នោះគេនិងមានអារម្មណ៍ដូចគ្នា​​ដែរ។ ”
ក្រៅពីចំណុចពិសេស ដូចជាមុខទំនិញគ្រប់មុខ មានទាំងសម្ភារៈប្រើប្រាស់ អាហារ គ្រឿងឧបភោគបរិភោគ គ្រឿង
សម្អាង រួមទាំងភេសជ្ជៈគ្រប់ប្រភេទផង ផលិតផល នៅក្នុងផ្សារនេះទាំងអស់ រៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ដែលគួរឲ្យទាក់ទាញ ហើយងាយ ស្រួលសម្រាប់អ្នកដែលមកទីនេះ រកមើលទំនិញ ។ បើនិយាយពីម៉ាស៊ីនត្រជាក់វិញ គឺ ត្រជាក់ស្រេបតែម្តង ហើយ
ចំណតយានជំនិះវិញ ហាក់ស្រឡះល្អណាស់ ទាំងឡាននិងម៉ូតូ គឺងាយស្រួលចេញចូល។ ចំពោះផលិតផលនៅក្នុងផ្សារទំនើបនេះ មានទាំងទំនិញដែលនាំចូលមកពីសហរដ្ឋអាមេរិកមក និងបណ្តាប្រទេសផ្សេងៗ ។ តម្លៃទំនិញនៅក្នុងផ្សារទំនើបនេះ គឺមិនថ្លៃជាងគេទេ ហើយនឹងមានការបញ្ចុះតម្លៃ១០% នៅរៀងរាល់ថ្ងៃពុធ រួមទាំងគិតគូរពីសេវាដឹកជញ្ជូនទៅដល់កន្លែងថែមទៀតផង។
ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធគ្រប់គ្រង ដើម្បីធានានូវនិយាម(ស្តង់ដារ)នៃផ្សារ​​ទំនើប អន្តរជាតិមួយ កិច្ចការសំខាន់ គឺត្រូវ
ធានាទៅដល់ សណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ គុណភាពសេវាកម្ម គុណភាព​មុខទំនិញ និងស្តង់ដារតម្លៃ មួយដ៏ល្អបំផុត
សម្រាប់អតិថិជន។ កត្តាធនធានមនុស្ស ក៏សំខាន់ខ្លាំងដែរ នេះបើតាមប្រសាសន៍ លោក ហម គីមសាន និង អ្នកស្រី តែ យូលីម ។
ការប្រឈម ៖
ការចាប់ផ្តើមមុខជំនួញនេះ គឺប្រឈមជាមួយនឹងបញ្ហា មួយចំនួន ។ អ្នកស្រី​ ​តែ យូលីម មានប្រសាសន៍មួយៗ ដោយនឹកស្រម៉ៃពីការលំបាកកាលពី​អតីតកាល ហាក់ធ្វើអោយអ្នកស្រី ស៊ាំនឹងឧបសគ្គទាំងអស់នោះទៅហើយ។ អ្នកទាំងពីរ ឆ្លៀតបង្ហើបឲ្យដឹងនូវការប្រឈមនានា រួមមាន៖
១. ការស្រាវជ្រាវផលិតផលក្នុងទីផ្សារ ។ ឧទាហរណ៍ដូចជាសិក្សាពីប្រ-ភេទទំនិញដែលអ្នកទិញត្រូវការ ។
២. បុគ្គលិកដែលមានជំនាញច្បាស់លាស់ ។ គឺត្រូវចំណាយពេល យ៉ាងច្រើន ដើម្បីហ្វឹកហ្វឺនបុគ្គលិកគ្រប់ជាន់ថ្នាក់ ឲ្យមានជំនាញច្បាស់-លាស់ ភាពស្មោះត្រង់ ហើយនឹងចេះស្រឡាញ់ទីនេះដូចជារបស់ផងខ្លួន។​ ចេះគ្រប់គ្រងទំនិញ ចេញ និងចូល ឲ្យបានល្អ ។ ចេះទទួលខុសត្រូវបម្រើ សេវាកម្មដល់អតិថិជនឲ្យបានល្អ។ ហើយចំណុចពិសេសដែលអ្នកទាំងពីរតែងតែរំលឹក
ដាស់តឿនដល់បុគ្គលិកឲ្យគិតគូរអំពីអតិថិជន ជាជាងគ្រាន់តែកោតខ្លាច ចំពោះថៅកែ។​ ត្រូវចាត់ទុក “អតិថិជនគឺជាថៅកែ”របស់
ខ្លួនវិញ ។
៣. ការគ្រប់គ្រងទំនិញទៀតសោធ គឺជាការប្រឈមមួយដែរ ។ ទំនិញ​ត្រូវមានទីតាំងទុកដាក់បានយ៉ាងល្អប្រសើរ ។ ទំនិញខ្លះ​លក់ដាច់លឿន ខ្លះជាប្រភេទទំនិញលក់ចេញយឺត ។ ហើយប្រសិនបើទំនិញណា មួយខូចគុណភាព ឬហួសពេលប្រើប្រាស់ជាដើម ចំបាច់គឺត្រូវតែសម្អាតចេញ​ពីទីផ្សារ មិនឲ្យមាននៅសេសសល់ឡើយ។
៤. ការគ្រប់គ្រងយ៉ាងល្អ ។ គឺ ដើម្បីពង្រឹងការជឿទុកចិត្ត ពីមជ្ឈដ្ឋាន​នានាថា ជាកន្លែងផ្គត់ផ្គង់ទំនិញមានគុណភាពខ្ពស់ ប្រកបដោយសេវាកម្ម​ល្អ ជូនដល់អតិថិជន។
ដោយសារ​បទពិសោធន៍ច្រើនឆ្នាំ ក្នុងមុខជំនួញនៅ​ឯកាណាដា លោក​ ហម គីមសាន និង អ្នកស្រី តែ យូលីម ចាត់ទុកថា ឧបសគ្គគឺជារឿងដែលមិនអាចជៀសវាងបាន ។ ប៉ុន្តែអ្វីដែលអ្នកទាំងពីរបានសង្កត់ធ្ងន់​ គឺ​ “ជោគជ័យអាច​កើតឡើង លុះត្រា
តែយើងខិតខំប្រឹងប្រែង ប្រកបដោយ ភាព​អំណត់ និងការតាំងចិត្តខ្ពស់ ។ ​ គ្រប់កិច្ចការទាំងអស់ តែងតែមានឧបសគ្គកើតឡើង ​តែធ្វើ​ជា​មនុស្ស​​មិន​ត្រូវចុះញ៉មឡើយ ផ្ទុយទៅវិញ យើងត្រូវតែគ្រប់គ្រងចិត្ត ដើម្បី​នឹងជម្នះ​នូវ​ឧបសគ្គគ្រប់ជំពូកឲ្យបាន។ ក្នុងទឹកមុខ
ពោរពេញទៅដោយជំនឿចិត្ត លោកនិង​អ្នកស្រី​ ជ្រាបយ៉ាងច្បាស់​ថា

“ជោគជ័យក្នុងមុខជំនួញ ពិតជាមិនអាចកើត​ឡើង​ក្នុងមួយ​ប៉ព្រិចភ្នែកឡើយ​​ ​អ្នកទាំងពីរត្រូវ​ការ​​ពេលវេលា និង​អត់ធន់រង់ចាំដោយប្តេជ្ញាធ្វើ​អ្វីៗ​ ដ៏​ត្រឹមត្រូវ​បំផុត។ “យើងមិនត្រូវ​អស់​សង្ឃឹម​ទេ
ប្រសិនបើ​ថ្ងៃនេះគ្មានអ្នកណាម្នាក់ចូលមករកទំនិញនៅក្នុងហាង របស់យើង…។”

សម្រាប់អ្នកស្រី តែ យូលីម និងស្វាមី​​ មានគោលជំហរច្បាស់លាស់​​ក្នុងមុខជំនួញ ។ ទៅអនាគត អ្នកទាំងពីរមានគម្រោងនឹង បង្កើត បណ្តាញ​ទីផ្សារទំនើប​បែបនេះ នៅ​ទូទាំងប្រទេសកម្ពុជា​ ។ ដោយ​ប្តេជ្ញាផ្ចិតផ្ចង​់ក្នុង​ការផ្តល់​អ្វីៗ ដែល​ល្អត្រឹមត្រូវ និងសុច្ចរិត ជូនដល់អតិថិជន ដើម្បី​បម្រើពួកគេ​អោយបាន​​ល្អ ។ផ្តោតទៅលើកេរ្តិ៍ឈ្មោះនិងអំពើល្អ ដែលមនុស្សខំប្រឹងកសាង អ្នកទាំង​​ពីរ​ជឿថា ពេលមួយយើងនឹងទទួលលទ្ធផលមកវិញជាពិតប្រាកដ “បើ​មនុស្ស​មើលមិនឃើញទេ ក៏ព្រះលោកពិតជាមើលឃើញដែរ” ៕

Share This Post

Post Comment