ចូរឲ្យជើងទាំងរបស់កូនរឹងមាំឡើង

Andrew and Alicia

-by Chin Soksan

“ចូរឲ្យជើងទាំងពីររបស់កូនរឹងមាំឡើង” គឺជាឱវាទលោកឪពុកជាអ្នកធ្វើជំនួញក្នុងស្រុក និងអន្តរជាតិដែលបានជម្រុញចិត្តដល់លោក តេ អេនឌ្រូ។ ដោយបញ្ចេញទឹកមុខដ៏ស្រស់ស្រាយញញឹមរាក់ទាក់ លោក អេនឌ្រូ បានរៀបរាប់នូវអត្ថន័យ ដែលឪពុករបស់លោកចង់សង្កត់ធ្ងន់ គឺឲ្យលោកប្រកាន់យកនូវភាពច្បាស់លាស់ និងទំនុកចិត្តលើខ្លួនឯង។ លោកនិយាយថា “យើងត្រូវឈរដោយខ្លួនឯង រឹងមាំ គិតឲ្យវាងវៃ ត្រឹមត្រូវ ចេះរក្សាលំនឹងនៃអារម្មណ៍ ឆ្លាតក្នុងការរស់សម្រាប់ខ្លួនឯង គ្រួសារ រួមទាំងសម្រាប់មុខជំនួញផងដែរ ។ ដើម្បីក្លាយជាអ្នកធ្វើជំនួញដ៏ជោគជ័យ យើងត្រូវតែមានគ្រឹះយ៉ាងរឹងមាំ ដូចសុភាសិតចែងថា «ចូរបង្រៀនកូនក្មេងនូវផ្លូវដែលគេត្រូវដើរ…»។” ឥទ្ធិពលដ៏ខ្លាំងក្លា និងកេរ្តិ៍ដំណែលមុខជំនួញលំដាប់សកលបានបន្តមកឲ្យលោកអេនឌ្រូ តាំងតែពីគាត់នៅក្មេងមក។
តើមានអ្វីដែលអេនឌ្រូរៀនពីជោគជ័យក្នុងជីវិតជាអ្នកជំនួញគ្រីស្ទានម្នាក់នៅក្នុងប្រទេសកម្ពុជា?
ដើម្បីឈរដោយខ្លួនឯង រឹងមាំ វាងវៃ មានលំនឹងក្នុងជីវិត និងជោគជ័យក្នុងអាជីព គឺមិនមែនពឹងផ្អែកតែលើចំណេះដឹង ឬប្រពៃណីសាសនាតាំងពីដើមមកនោះទេ តែ អេនឌ្រូ ចង់រស់នៅតាមបំណងចិត្ត ដោយស្វិតស្វាញជំនះយកជោគជ័យ រួចរឹងមាំឈរដោយខ្លួនឯង។ តើយូរប៉ុណ្ណាដែលមនុស្សអាចសម្រេចគោលដៅខ្លួន ដោយមិនពឹងផ្អែកតែលើចំណេះដឹង?
អេនឌ្រូ បានចូលរៀននៅសកលវិទ្យាល័យហាវ៉ៃ ដោយចាប់យកនូវជំនាញផ្នែកមុខជំនួញអន្តរជាតិ និងការគ្រប់គ្រងសណ្ឋាគារ។ កាលពីពេលកំពុងសិក្សា អេនឌ្រូ មានអារម្មណ៍ធ្លាក់ចុះ ដោយលំបាកនិងសៅហ្មងក្នុងចិត្តជាច្រើន។ ម្តាយរបស់គាត់បន្ទោសគាត់ ដែលចង់រៀបការជាមួយនឹងនារីដែលមិនបរិសុទ្ធ នោះអាចនឹងនាំប្រផ្នូលមិនល្អក្នុងជីវិត និងប៉ះពាល់ដល់មុខជំនួញទៅថ្ងៃអនាគតផង នេះបើតាមស្រ្តីគ្រូទាយម្នាក់ បានប្រាប់។ គាត់ឆ្ងល់ថា “តើមូលហេតុអ្វីបានជាការបង្រៀននៃជំនឿសាសនាខ្ញុំ បែរជាឡូកឡំដល់កិច្ចការសង្គមរបស់ខ្ញុំទៅវិញ? អេនឌ្រូ ហាក់ភាន់ច្រឡំយ៉ាងខ្លំាង ដោយមិនប្រាកដ ហើយក៏មានសំណួរជាច្រើនកើតឡើងពាក់ព័ន្ធដល់គោលដៅជីវិតផ្ទាល់របស់លោក។ ដោយក្តីសៅហ្មង និងកំហឹងក្នុងគ្រានោះ អេនឌ្រូនិយាយថា “ហេតុអ្វីបានខ្ញុំមិនអាចសម្រេចចិត្តជ្រើសរើសភរិយាផ្ទាល់ខ្លួនខ្ញុំបាន?” អេនឌ្រូចោទសំណួរនេះទាំងទៅលើជំនឿសាសនាតាវ និងការជឿលើព្រះយេស៊ូគ្រីស្ត។ ក្រោយពីគាត់បានឮអំពីការជឿព្រះយេស៊ូគ្រិស្តជាច្រើនឆ្នាំ គាត់មានអ្នកដែលនៅជុំវិញខ្លួនក្នុងនោះក៏មានមិត្តដែលស្នាក់នៅជាមួយម្នាក់ជាគ្រីស្ទាន និងមិត្តស្រីគាត់ អ្នកទាំងនោះតែងតែធ្វើបន្ទាល់ទៅកាន់គាត់អំពីព្រះយេស៊ូគ្រិស្ត ក្នុងខណៈដែលជីវិតរបស់អេនឌ្រូនាពេលនោះ កំពុងតែតយុទ្ធយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងជាមួយសង្គម ហើយអារម្មណ៍ខាងក្នុងគិតហាក់ដូចជាគ្មានអ្វីទាំងអស់។ សំណួរចោទឡើងចំពោះលោកថា តើជីវិតរស់នៅលើផែនដីនេះ មានអត្ថន័យ និងគោលដៅអ្វី បើគ្រាន់តែចង់បានជោគជ័យ? តើហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ឈឺចាប់ មិនស្ងប់ក្នុងចិត្តបែបនេះ? ហេតុអ្វីសាសនារបស់ខ្ញុំមិនអាចជួយខ្ញុំឲ្យចេញផុតពីទុក្ខព្រួយ និងការឈឺចាប់នេះបាន?
Turning 180 Degrees
ការផ្លាស់ប្តូរ១៨០អង្សា
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានឈប់សម្រាកថ្ងៃបុណ្យកំណើតព្រះយេស៊ូគ្រិស្ត នាយប់មួយ អេនឌ្រូបានឮដំណឹងល្អតាមរយៈទូរទស្សន៍ ថា

“ក្នុងយប់នេះ ព្រះយេស៊ូអាចជួយសង្រ្គោះអ្នកបាន ទ្រង់ស្រឡាញ់និងគិតគូរពីអ្នក” ។

ឮដូច្នោះ អេនឌ្រូបានលុតជង្គង់ទាំងពីរក្នុងបន្ទប់ដោយស្ងៀមស្ងាត់ម្នាក់ឯង ដោយយល់ព្រមទទួលជឿលើព្រះយេស៊ូ ។ ចាប់ពីពេលនោះមក អេនឌ្រូបានផ្លាស់ប្តូរជំនឿចាស់របស់លោកដើម្បីដើរតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវិញ ហើយក្នុងថ្ងៃអាទិត្យនោះគាត់បានចូលរួមក្នុងព្រះវិហារដែលនៅទល់មុខអគារស្នាក់នៅរបស់គាត់។ នៅព្រះវិហារពេលគ្រូគង្វាលហៅអ្នកស្ម័គ្រចិត្តជឿឡើងលើអាសនៈ អេនឌ្រូបានឡើងទៅលើ ដើម្បីអធិស្ឋានទទួលយកព្រះយេស៊ូជាព្រះសង្គ្រោះរបស់លោក។ ចាប់ពីពេលនោះមក ជីវិតរបស់អេនឌ្រូបានផ្លាស់ប្រែ លុះមួយខែក្រោយមក គាត់បានជួបបទពិសោធន៍នូវការធ្វើទុក្ខពីសំណាក់វិញ្ញាណអាក្រក់។ គាត់ក៏បានអធិស្ឋានបណ្តេញវិញ្ញាណអាក្រក់ សម្អាតរាល់ទាំងសសរអាសនៈខាងវិញ្ញាណនៅក្នុងបន្ទប់ដែលគ្រូទាយស្រ្តីម្នាក់ធ្លាប់ប្រាប់ឲ្យលោកធ្វើតាម ហើយមានជំនឿជាថ្មីលើព្រះយេស៊ូគ្រិស្ត។ ចាប់តាំងពីនោះមក លោកបានចូលរួមជាមួយសកម្មភាពរបស់គ្រីស្តបរិស័ទ និងស្ម័គ្រចិត្តនៅក្នុងដំណើរបេសកកម្មជាច្រើន។
មកដល់ពេលដែលពន្លឺកាលបានសម្ភាសន៍ជាមួយនឹងលោក អេនទ្រួ តេ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ គាត់មានវ័យ៤២ឆ្នាំ គត់។ គាត់មាននាទីជានាយករបស់សណ្ឋាគារនិងគេហដ្ឋានលំដាប់ផ្កាយប្រាំ ឈ្មោះហ៊ីម៉ាវ៉ារី ដែលស្ថិតនៅអែបជាប់នឹងដងទន្លេមេគង្គ ស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ដែលសណ្ឋាគារនេះ ទើបតែប្រារពខួប១៣ឆ្នាំរបស់ខ្លួន ដោយមានមនុស្សលំដាប់ខ្ពស់ៗជាច្រើនចូលរួម ដូចជាមន្ត្រីរដ្ឋាភិបាល អង្គការ តំណាងអង្គទូត អ្នកធ្វើជំនួញ និងភ្ញៀវអន្តរជាតិជាច្រើនទៀត។ លោក អេនឌ្រូ បានចាប់អារម្មណ៍លើភរិយា អាលីហ្សា ជានារីជនជាតិកម្ពុជាម្នាក់នៅក្នុងប្រទេសសិង្ហបុរី ពេលដែលគេប្រារព្វពិធីបុណ្យឯករាជ្យ។ ដោយមានការជ្រោមជ្រែងពីមិត្តជិតស្និទ្ធ និងអតីតឯកអគ្គរាជទូតកម្ពុជានៅសិង្ហបុរី បានជួយឲ្យអ្នកទាំងពីរកាន់តែស្គាល់ចិត្ត និងចាប់អារម្មណ៍ពីគ្នាខ្លាំងឡើង អេនឌ្រូ និយាយថា

“ព្រះបានរៀបចំសម្រាប់ខ្ញុំ និងអាលីហ្សាពីព្រោះទ្រង់ចង់ឲ្យខ្ញុំមានប្រពន្ធខ្មែរ”។

ជាជនជាតិសិង្ហបុរីម្នាក់ អេនឌ្រូ បានចំណាយពេលពាក់កណ្តាលជីវិតរបស់គាត់ ធ្វើដំណើរនិងរស់នៅក្នុងបណ្តាប្រទេសផ្សេងៗ និងពាក់កណ្តាលទៀតរស់នៅក្នុងប្រទេសសិង្ហបុរី គាត់និយាយថា “រៀបការជាមួយនារីកម្ពុជាដូចជាអាលីហ្សា ធ្វើឲ្យខ្ញុំពិតជាពេញចិត្ត ពីព្រោះនាងយល់អំពី វប្បធម៌ ភាសា សង្គម និងវិធីរស់នៅរបស់មនុស្ស ហើយខ្ញុំក៏មានមុខជំនួញនៅប្រទេសកម្ពុជា។” កាលពីឆ្នាំ ២០១០ អេនឌ្រូ បានរៀបការជាមួយនារីកម្ពុជាដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ ហើយបច្ចុប្បន្នអ្នកទាំងពីរទទួលបានកូនពីរនាក់ កូនប្រុសបងអាយុ៣ឆ្នាំ និងប្អូន អាយុ១ឆ្នាំ។

តាំងចិត្តសម្រាប់កូនរបស់ខ្ញុំ
Attentive to My Children
អេនឌ្រូ ប្តេជ្ញាខ្ពស់រស់នៅក្នុងលំនឹងនៃជីវិតដ៏ខ្លាំងក្លា ដើម្បីចិញ្ចឹមក្រុមគ្រួសារឲ្យរឹងមាំដែរ។ “ខ្ញុំតាំងចិត្តថា ត្រូវតែបំពេញតួនាទីយ៉ាងសំខាន់បំផុតសម្រាប់គ្រួសារខ្ញុំ ពិសេសចំពោះកូនៗ ពីព្រោះខ្ញុំចង់ធ្វើជាឪពុកដ៏ល្អម្នាក់របស់កូនខ្ញុំ ហើយចំណាយពេលដើម្បីបង្រៀនដល់គេឲ្យស្គាល់អំពីព្រះ។ កាលពីមុន គ្រាដែលខ្ញុំដើរច្រើនទៅប្រទេសផ្សេងៗ លុះកាលត្រឡប់មកវិញ កូនច្បងរបស់ខ្ញុំលែងស្គាល់ខ្ញុំថាជាឪពុក ហេតុនេះខ្ញុំប្តេជ្ញាថ្លឹងថ្លែងឲ្យបានច្បាស់រវាងការងារនិងគ្រួសារ។ ភរិយារបស់ខ្ញុំតែងតែរំលឹកថា កូនៗរបស់យើងតែងរៀនពីអត្តចរិតនិងអាកប្បកិរិយារបស់ពួកយើង។ អត្តចរិតស្មោះត្រង់របស់ពួកយើង គួរតែឆ្លុះបញ្ចាំងតាមរយៈការប្រព្រឹត្ត ពាក្យពេចន៍ក្នុងគ្រួសារ ក្នុងចំណោមបុគ្គលិក និងរវាងអតិថិជនរបស់យើង ដោយជឿជាក់ថា យើងជាអ្នកបម្រើ ដែលព្រះបានដាក់មកសម្រាប់គ្រួសារនិងមុខជំនួញរបស់យើង។”
ជំនួញជាកេរ្តិ៍មរតកគ្រួសារ
Family’s Business Legacy
ជំនាញនិងចំណេះដឹងលើជំនួញ ដែលបន្សល់ទុកពីកេរ្តិ៍មរតកនៃគ្រួសារ ដែលប្រកាន់ខ្ជាប់តាមការបង្រៀនតាមសាសនាតាវ បានដាំជាប់នៅក្នុងជីវិតតួអង្គលោក អេនឌ្រូ តាំងតែពីក្មេងមក។ លោកបានចាក់គ្រឹះលើជំនួញពីជីតា ឪពុកមា និងឪពុករបស់ក្រុមគ្រួសារមិត្តភក្តិ ។ កាលពីឆ្នាំ១៩៦០ដល់១៩៨០ ជីតា និងឪពុក របស់អេនឌ្រូ បានធ្វើពាណិជ្ជកម្មលើជំនួញនាំចូលស្រានិងបារី ព្រមទាំងទំនិញផ្សេងៗទៀត ទាំងលក់ក្នុងស្រុក និងនាំចេញទៅប្រទេសផ្សេងៗទៀត។ ក្នុងសម័យកាលនោះបណ្តាប្រទេសសហភាពអឺរ៉ុប និងអាមេរិកខាងជើង មិនអាចធ្វើពាណិជ្ជកម្មផ្ទាល់ចូលមកកាន់បណ្តាប្រទេស ដូចជាកម្ពុជា វៀតណាម និងថៃបានទេ អេនឌ្រូបានសម្រេចចិត្តចូលមហាវិទ្យាល័យសិក្សាយកជំនាញលើពាណិជ្ជកម្មអន្តរជាតិ ។

ការអភិវឌ្ឍន៍អត្តចរិត
Developing His Character
អេនឌ្រូ មានបងប្អូន១១នាក់ មានឪពុកម្នាក់ និងម្តាយពីរនាក់ រវាងបងស្រីច្បងក្រោយបង្អស់របស់គាត់មានគម្លាតគ្នាជាមួយគាត់១២ឆ្នាំ ។ ទាំងឪពុកនិងម្តាយរបស់គាត់បានទទួលមរណកាល កាលពីឆ្នាំ១៩៩០។ អេនឌ្រូ មិនមានមិត្តភក្តិ បងប្អូនច្រើនលេងជាមួយទេកាលពីក្មេង គាត់បានប្រាប់ថា ភាគច្រើនគាត់លេងជាមួយនឹងរបស់របរក្នុងផ្ទះតែម្នាក់ឯង។ បើដូច្នោះ តើគាត់មានការលូតលាស់ផ្នែកអត្តចរិត និងទំនុកចិត្តលើខ្លួនឯងដោយរបៀបណា? គាត់និយាយថា “កាលពីនៅជំទង់ ខ្ញុំខំរៀនណាស់ ខ្ញុំបានចូលរួមក្នុងក្លឹបសហគមន៍ជាច្រើន ឪពុករបស់ខ្ញុំតែងតែនិយាយថា ចូរថែរក្សាសហគមន៍ ហើយជួយដល់អ្នកក្រ។”
កាលលោករៀននៅឯសាលា អេនឌ្រូបានស្ម័គ្រចិត្តចូលបម្រើទ័ពជាមួយអង្គការ St.John Ambulance ដែលបានរើសយុវជនថ្នាក់វិទ្យាល័យ ដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់ផ្សេងៗ មុនពេលដែលកម្លាំងប៉ូលីស ឬអ្នកជួយសង្រ្គោះបានមកដល់ទីកន្លែង។ អង្គការនេះ បានបង្រៀនអេនឌ្រូពីជំនាញការដឹកនាំ អត្តចរិត ទំនាក់ទំនងសង្គម និងការសង្រ្គោះជីវិត។ គាត់បានរៀបរាប់ថា “តាមរយៈបទពិសោធន៍ការលូតលាស់លើទំនុកចិត្តដោយខ្លួនឯង ជួយដល់សហគមន៍ អំពីសីលធម៌ និងការគិតគូរដល់ជនក្រីក្រគឺជាវិធីអនុវត្តដែលគាត់បានរៀន។ ក្នុងនោះគាត់បានជួយកិច្ចការសង្រ្គោះបន្ទាន់ បច្ចេកទេសឆ្លើយតបនឹងគ្រោះថ្នាក់ ការសហការគ្នា របៀបតាំងចិត្ត ការរៀបចំ របៀបទំនាក់ទំនង ទាំងអស់នេះ សុទ្ធសឹងជាអត្ថប្រយោជន៍ដែលអេនឌ្រូ ទទួលបានដោយក្តីរីករាយនិងសន្តិភាពក្នុងជីវិតរបស់គាត់ ដែលគាត់អាចជួយដល់ជីវិតមនុស្សជាចម្បងគេ។
ទីបន្ទាល់និងឱកាសក្នុងដំណើរបេសកកម្មខ្លីៗ
Witness and Opportunities from Short Term Mission Trips
“ឪពុករបស់ខ្ញុំ គាត់តែងតែគិតអំពីភាពមានបាន និងលុយ គាត់ជម្រុញឲ្យខ្ញុំធ្វើដំណើរទៅប្រទេសក្រីក្រ ដើម្បីឲ្យខ្ញុំរៀនពីពួកគេ។ ឪពុកខ្ញុំបានឆ្លងកាត់សង្រ្គាមលោកលើកទីពីរ ហើយមានបទពិសោធន៍នឹងការលំបាក និងភាពវេទនាជាច្រើន ហើយគាត់តែងតែបង្រៀនខ្ញុំពីការសំខាន់ក្នុងការជួយដល់សហគមន៍។” ជាមួយនឹងទឹកចិត្តរីករាយកក់ក្តៅ អេនឌ្រូ ចែករំលែកដោយភាពទន់ភ្លន់ អំពីដំណើរបេសកកម្មខ្លីៗ ដែលគាត់បានចុះទៅកាន់ប្រទេសក្រីក្រដូចជា ឥណ្ឌា ស៊ែបៀ រុស្ស៊ី និងអ៊ុយក្រែនជាដើម។ ស្រង់ឃ្លាថា ព្រះជាម្ចាស់បានប្រើយើងឲ្យបង្កើតសិស្ស លោកអេនឌ្រូ និយាយថា “ខ្ញុំមានចិត្តក្តួលអាណិត ហើយបានចំណាយពេល កម្លាំងកាយនិងធនធាន ជាមួយនឹងសកម្មភាពរបស់ព្រះវិហារក្នុងមូលនិធិ គ្រីស្ទានដំណឹងល្អជ្វីហ នៅក្នុងសហគមន៍។ លោកបន្តថា “ខ្ញុំបានមើលឃើញភាពខុសគ្នារវាងវប្បធម៌ ភាសា និងការរស់នៅ ព្រមទាំងជំនឿសាសនា។ ព្រះជាម្ចាស់បានបង្ហាញខ្ញុំពីឱកាស ហើយខ្ញុំក៏បង្កើតមុខជំនួញក្នុងប្រទេសអ៊ុយក្រែន ។ ក្រោយពេលដែលស្ថានភាពអ៊ុយក្រែនមិននឹងន ខ្ញុំក៏ត្រឡប់មកប្រទេសសិង្ហបុរីវិញ បន្ទាប់មកទើបឪពុករបស់ខ្ញុំបង្គាប់ឲ្យខ្ញុំមកទស្សនកិច្ចនៅកម្ពុជា ដើម្បីរកមើលឱកាសមុខជំនួញនៅទីនេះ។
គុណតម្លៃគ្រួសារដែលបានផ្តល់មក
Family’s Values Passing Down
អេនឌ្រូជឿថា ការគាំទ្រពីសំណាក់ ឪពុកម្តាយនិងគ្រួសាររបស់គាត់សំខាន់ណាស់ ហើយវាជាគ្រឹះដ៏រឹងមាំនៃជោគជ័យក្នុងជីវិតរបស់គាត់ផ្ទាល់។ ឪពុករបស់គាត់ និងបងប្អូនបានគាំទ្រដល់គាត់យ៉ាងខ្លាំងក្លា ក្នុងស្ថានភាពជីវិតដ៏លំបាកនេះ។ ដើម្បីក្លាយជាអ្នកមាន និងទទួលជោគជ័យ គឺចាំបាច់ត្រូវតែប្រឹងប្រែងអស់ពីលទ្ធភាព ធ្វើអ្វីឲ្យបានល្អ និងនឿយហត់។ ចូរឲ្យជើងទាំងរបស់កូនរឹងមាំឡើង ពាក្យនេះជម្រុញឲ្យអេនឌ្រូមានវិញ្ញាណបន្ទាបខ្លួន ដើម្បីទទួលយកនូវឱវាទ និងជំនួយមកពីអ្នកដទៃ។ ទោះជាមានអ្វីកើតឡើងក៏ដោយ មនុស្សម្នាក់ៗប្រាថ្នាចង់ធ្វើអ្វីដែលល្អបំផុត ជីវិតរស់នៅល្អកើតចេញពីជម្រើសរបស់មនុស្ស ហើយដែលបានកំណត់ដោយការអភិវឌ្ឍន៍តាំងពីក្នុងកុមារភាពមកដោយរួមមាន ផ្នែកវិញ្ញាណ សង្គម អារម្មណ៍ និងផ្លូវចិត្តគំនិត។
អេនឌ្រូបានផ្តល់តម្លៃខ្ពស់ទៅលើភាពស្មោះត្រង់ និងការតាំងចិត្តដោយរក្សានូវទំនាក់ទំនងដ៏ល្អជាមួយបងប្អូន និងឪពុកម្តាយរបស់លោក ក្នុងវ័យដែលគាត់លូតលាស់។ បងប្អូនគាត់មានការគាំទ្រជាខ្លាំងចំពោះរូបគាត់ ទោះបីក្នុងពេលដែលឪពុកម្តាយបានលាចាកលោកនេះហើយក៏ដោយ ក៏គាត់តែងមានការគាំទ្រនិងជួយគ្នាទៅវិញទៅមកជាមួយគ្នា។
អេនឌ្រូ និយាយថា“ ក្តីស្រឡាញ់របស់ឪពុកម្តាយខ្ញុំ គឺជាគំរូដែលបានបង្រៀនខ្ញុំ ធ្វើឲ្យពួកខ្ញុំមិនអាចបំភ្លេចបាន។ ម្តាយរបស់ខ្ញុំមានកង្វល់ចង់ធ្វើអ្វីៗអស់ពីចិត្តរបស់គាត់ ដើម្បីចិញ្ចឹមពួកយើង ឲ្យយើងកាន់ទំនៀមទម្លាប់តាវ គាត់ចង់ឲ្យគ្រូទាយសម្រេចជោគវាសនាឲ្យខ្ញុំ តែពេលដែលខ្ញុំមកជឿលើព្រះយេស៊ូវិញ ទើបខ្ញុំដឹងថា សេចក្តីបង្រៀនរបស់ព្រះអង្គល្អវិសេសជាងសាសនា។ លោកឪពុកបង្រៀនខ្ញុំ ពីពាណិជ្ជកម្មនាំចូលនាំចេញ(អាហរ័ណនីហរ័ណ) ហើយបានដាក់ខ្ញុំឲ្យជំនួសតួនាទីគាត់។ គាត់បានចំណាយពេលជាច្រើន ហើយជជែកជាមួយបងប្អូនរបស់ខ្ញុំអំពីមុខជំនួញ ខ្ញុំនឹកចាំថា លោកឪពុកបានប្រឹងប្រែងចំណាយពេលជាច្រើនណាស់ អំឡុងពេលបាយជាមួយគ្នា ហើយជួនកាលគាត់ហៅមកនិយាយដោយផ្ទាល់ ទោះពេលមើលទូរទស្សន៍ក៏គាត់តែងចំណាយពេលជាមួយកូនៗដែរ។ ដោយហេតុនេះហើយ ពេលខ្ញុំមានកូនទាំងពីរនេះ ខ្ញុំបានបន្តការថែទាំទៅឲ្យគ្រួសារខ្ញុំ ហើយតាំងចិត្តនឹងលះបង់ពេលវេលា ដោយប្រឹងប្រែងបញ្ចេញថាមពលដើម្បីធ្វើការ ជាមួយគ្នា អាចនៅជាមួយកូនរបស់ខ្ញុំបាន។”
អេនឌ្រូ ថ្លែងថា “កាលពីក្មេងលោកឪពុកបានអភិវឌ្ឍយើងទាំងអស់គ្នា ឲ្យមានទស្សនវិស័យ និងចិត្តឆេះឆួលក្នុងជីវិត។” គាត់នឹកចាំពីគុណូបការៈទាំងប៉ុន្មានដែលឪពុកបានផ្តល់ ដែលជួយឲ្យយើងឲ្យអាចជ្រើសរើស និងបង្កើតសីលធម៌ និងអត្តចរិតល្អ ទាំងផ្នែកមុខជំនួញ សង្គម ផ្លូវចិត្ត វិញ្ញាណ និងផ្នែកសាច់ឈាម។ បងប្អូនរបស់អេនឌ្រូម្នាក់ៗ សុទ្ធតែមានជោគជ័យលើអាជីពរបស់ពួកគេ។
រស់នៅក្នុងជីវិតដ៏ស្អាតស្អំ
Being a Transparency Life
ចូរឲ្យជើងទាំងរបស់កូនរឹងមាំឡើង ក៏សំដៅលើភាពស្មោះត្រង់ ហើយមានអត្តចរិតស្អាតស្អំដែរ ដំបូងបង្អស់ អេនឌ្រូបានថ្លែងទៀតថា គាត់ជឿថាសារសំខាន់នៃភាពស្អាតស្អំ (តម្លាភាព) មាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលត្រូវតែដុសខាត់ពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានល្អប្រសើរ។ រយៈពេល៥០ឆ្នាំខាងមុខ ការរីកចម្រើន និងភាពប្រសើរថ្លៃថ្លា នឹងកើតមានក្នុងមុខជំនួញសណ្ឋាគារ និងគេហដ្ឋាន ហ៊ីម៉ាវ៉ារីរបស់លោក ហើយបន្ទាប់មកគឺប្រព្រឹត្តចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងតម្លៃថ្លៃថ្នូរ ពីព្រោះពួកគេគឺជាសសរទ្រូងនៃមុខជំនួញនេះ ហើយលោកប្តេជ្ញានឹងហ្វឹកហ្វឺន និងលើកទឹកចិត្តពួកគេម្នាក់ៗ ឲ្យរីកចម្រើននៅក្នុងការទទួលខុសត្រូវរបស់គេ។ ពួកគេចាំបាច់ត្រូវធ្វើការក្នុងតួនាទីឲ្យបានល្អ បម្រើអតិថិជនដោយការគោរព ថ្លៃថ្នូរ និងប្រកបដោយសុវត្ថិភាព ។ អេនឌ្រូនិយាយថា

“មុខជំនួញរបស់យើង គឺផ្តល់នូវសុវត្ថិភាពនិងផាសុខភាព ហេតុនេះបុគ្គលិកម្នាក់ៗ ត្រូវកសាងភាពជាអ្នកដឹកនាំ និងអត្តចរិតបម្រើ ប្រកបដោយភាពសុចរិត ស្មោះត្រង់ គុណធម៌ល្អប្រសើរ និងការគោរពដល់គ្នាទៅវិញទៅមក។” លោកអេនឌ្រូ ប្តេជ្ញាបណ្តុះយុវជនកម្ពុជាក្នុងជំនាន់ថ្មីនេះ ឲ្យក្លាយជាចលករនាំមុខសម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគតប្រទេសជាតិត្រូវការគេ ហើយជោគជ័យក៏កើតមានក្នុងជីវិតផ្ទាល់របស់ពួកគេដែរ។ លោកនិយាយថា “អតិថិជនរបស់ហ៊ីម៉ាវ៉ារីសុទ្ធសឹងជាមនុស្សលំដាប់កំពូល ហេតុនេះ ពួកគេតម្រូវនូវសេវាកម្មដ៏វិសេសបំផុតដែលចេញពីបុគ្គលិកបម្រើការនៅទីនេះ។”

ពាក់ព័ន្ធដល់ចំណាយពន្ធអាករ លោកអេនឌ្រូនិយាយថា “យើងបង់ពន្ធទៅឲ្យរដ្ឋាភិបានជារៀងរាល់ឆ្នាំ ហើយបើសិនជាមានកំហុសអ្វី គឺយើងនឹងសងពេញថ្លៃទៅនាយកដ្ឋានពន្ធដារ។”
នាចុងក្រោយនេះ អ្វីដែលលោកអ្នករៀនបាន គឺភាពសុចរិត និងស្អាតស្អំ (តម្លាភាព) មានតម្លៃលើសអ្វីៗទាំងអស់ ដែលត្រូវតែមាន ដូចជាការបង្កើតទិសដៅនិងគោលបំណងច្បាស់លាស់ជាមួយអ្វីដែលព្រះយេស៊ូទ្រង់បង្រៀន ទាំងក្នុងជីវិតរស់នៅ និងផ្នែកមុខជំនួញ។ ទោះជាមានលុយ ឡាន កេរ្តិ៍ឈ្មោះ ប្រជាប្រិយភាព និងសម្ភារៈនានាដទៃទៀត គឺមិនអាចនាំមកនូវសេចក្តីអំណរ និងភាពសុខសាន្តក្នុងចិត្តបានទេនៅចុងបញ្ចប់ ប្រសិនបើការមានបាននោះ កើតចេញពីអំពើពុករលួយ ការឆបោក ការកេងប្រវ័ញ្ច គាបសង្កត់ដល់ជនក្រីក្រ និងដៃគូជំនួញដូចគ្នា។ សម្រាប់មនុស្សជាតិដែលប្រព្រឹត្តបែបនោះនឹងមិនដែលសម្រាកលក់ទេ ព្រមទាំងភិតភ័យ ព្រួយក្នុងចិត្ត យូរៗទៅនឹងអាចមានជម្ងឺប្រចាំកាយជាពុំខាន។
ជួយទៅវិញ
Giving Back
ចូរឲ្យជើងទាំងរបស់កូនរឹងមាំឡើងក៏ឆ្លុះបញ្ចាំងពីការជួយដល់សហគមន៍ ដែលមុខជំនួញជោគជ័យ រឹងមាំ និងខ្លាំងក្លា ពីព្រោះអតិថិជន និងសហគមន៍មកទទួលយកសេវាកម្មដ៏ប្រសើរ។ លោក អេនឌ្រូបាននិយាយថា “យើងឧបត្ថម្ភដល់អង្គការ ដែលជួយផ្តល់ការបណ្តុះបណ្តាល និងសេវាកម្មដល់យុវជន។” មានអង្គការជាច្រើនដែលអេនឌ្រូបង្កើតដើម្បីទ្រទ្រង់ដល់មនុស្សជំនាន់ក្រោយ។ ហើយគម្រោង ខ្មែរហូប នៅខេត្តកំពង់ស្ពឺ ក៏លោកបានជួយដែរ។ ក្នុងនោះពួកគេបានបង្រៀនយុវជនអំពីជំនាញបដិសណ្ឋារកិច្ច កុំព្យូទ័រ ជំនាញផ្នែកភាសាអង់គ្លេស ដល់អ្នកដែលបានបោះបង់សាលារៀនចោល។ ហើយគម្រោង St. John Ambulance ក៏បានជួយដល់យុវជន ក្នុងការជួយឆ្លើយតបនឹងគ្រោះថ្នាក់កើតមានក្នុងសហគមន៍ និងការផ្តល់អាហារូបករណ៍ដល់យុវតន្រ្តីករវ័យក្មេងជាដើម៕
Andrew and Alicia

Share This Post

Post Comment