គ្រួសារល្អបង្កើតអ្នកដឹកនាំអស្ចារ្យ

Dara's Family

ព្យុះនយោបាយបោកបក់ក្នុងដួងចិត្តបុគ្គលម្នាក់ៗសព្វថ្ងៃ ធ្វើឲ្យមានការឆ្លុះបញ្ចាំងផ្សេងៗគ្នា អំពីពាក្យថា «ការផ្លាស់ប្តូរ» ។ ផ្នត់គំនិតខ្លះយល់ឃើញថា បុគ្គលអ្នកដឹកនាំដ៏ល្អម្នាក់ គឺអាចនាំមកនូវការផ្លាស់ប្តូរក្នុងសង្គមជាតិទាំងមូលបាន ។ រីឯគ្រួសារ គឺជាស្នូលដែលជួយបណ្តុះអ្នកដឹកនាំបែបដូច្នោះបាន ។ ហេតុនេះ «គ្រួសារល្អ» គឺជាចលករដែលជម្រុញសង្គមជាតិទាំងមូល ឲ្យមានការផ្លាស់ប្តូរ តើពិតឬមិនពិត? តើរូបភាពបែបណាទៅ បង្ហាញអំពីគ្រួសារល្អ?
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានទទួលស្គាល់យ៉ាងច្បាស់ នូវកត្តាធំៗដែលធ្វើឲ្យសង្គមជាតិរីកចម្រើន ។ ក្នុងចំណោមកត្តាទាំងអស់នោះ គ្រួសារគឺជាកត្តាដ៏ចំបងគេ ។ ថ្មីៗនេះនៅលើកេហទំព័រហ្វេសប៊ុកមួយរបស់ លោក បណ្ឌិត សុខ ស៊ីផាន់ណា ដែលគេធ្លាប់ស្គាល់លោកច្បាស់ថាជាសេដ្ឋវិទូដើរតួជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា លោកធ្លាប់បានលើកឡើងនៅលើកេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា៖«មានតែគ្រួសារដែលរឹងមាំទេ ទើបអាចកសាងសហគមន៍មួយរឹងមាំបាន ។ នៅពេលដែលសហគមន៍រឹងមាំ ពេលនោះយើងនឹងអាចកសាងជាតិដ៏រឹងមាំ
មួយបាន ។» លោកក៏បានលើកឡើងបន្តទៀតថា៖ «ក្តីស្រឡាញ់របស់ជាតិ គឺចាប់ផ្តើមជាមួយនឹងក្តីស្រឡាញ់នៅក្នុងគ្រួសារ បន្តឲ្យយើងចេះសឡាញ់ចំពោះសហគមន៍ ដែលនឹងឈានទៅកាន់ក្តីស្រលាញ់ចំពោះជាតិ ។ ហេតុនេះសូមយើងរីករាយជាមួយពេលវេលានៅជាមួយគ្រួសារឱ្យបានច្រើន។»

ដោយឡែកនៅក្នុងផ្នត់គំនិតអ្នកសិក្សាខ្លះទៀត បានយល់ឃើញ ថា ប្រសិនបើមានអ្នកដឹកនាំពូកែ ធ្វើឲ្យសង្គមជាតិរីកចម្រើន ទើបអាចនាំឲ្យ ក្រុមគ្រួសារយើងរីកចម្រើនទៅបាន ។ អ្នកដែលយល់បែបនេះ តែងលើក ឡើងពីបញ្ហាជីវភាពខ្វះខាតនាំឲ្យប៉ះពាល់ធ្វើឲ្យក្រុមគ្រួសារ មិនអាចទទួល បានភាពរីករាយ ឬសុភមង្គលទៅបាន ។ ដោយលើកឡើងថា ឪពុកម្តាយ ត្រូវរែកពន្ធការលំបាកហួសល្បត់ ដើម្បីស្វែងរកប្រាក់ចំណូល រហូតភ្លេចគិតពីគ្រួសារ ។ លុះត្រាតែមានលុយ មានទ្រព្យសម្បត្តិស្តុកស្តម ទើបចាត់ទុក

ជាគ្រួសារល្អថ្លៃថ្នូរ ដោយមើលឃើញភាពមិនស្មើភាពគ្នាផ្នែកទ្រព្យធន និងមុខមាត់ក្នុងសង្គមបែបនេះហើយក៏បាន
បណ្តុះគំនិតឲ្យយល់ឃើញខុសពីគ្នា អំពីរូបភាពនៃគ្រួសារល្អ ។ រីឯអ្នកនយោបាយជាតិនិយម ក៏មានហេតុផលផ្សេងទៀតថា ធ្វើជាមនុស្សគួរតែគិតអំពីជាតិនិងទឹកដីជាចំបងគេ ជាជាងយកគ្រួសារខ្លួនឯងជាធំ ហើយអាត្មានិយម ។ អ្នកដែលគិតគូរបែបនោះក៏បានបោះបង់ក្រុមគ្រួសារដោយឡែក ហើយខិតខំប្រឡូកក្នុងឆាកនយោបាយ ដោយរំពឹងទុកថានៅពេលខាងមុខខ្លួននឹងមាន ឋានៈនិងបុណ្យសក្តិ ទ្រព្យសម្បត្តិ ជាដើម ដើម្បីសងត្រឡប់មកគ្រួសារវិញ ។ ប៉ុន្តែទំរាំតែបានដល់កោះត្រើយ ជួនកាលក្រុមគ្រួសារបានហែលនៅក្នុងសមុទ្រទឹកភ្នែក គ្រួសារខ្លះក៏ខ្ចាត់ខ្ចាយបាក់បែក ប្តីប្រពន្ធ-កូន ក៏មាន ។ អ្នកខ្លះយល់ខ្លួនឯងជាអ្នកស្នេហាជាតិ រួចលក់ខ្ទេចលក់ខ្ទី ទាំងរបស់ផ្ទាល់ខ្លួន ឬជារបស់របរជាតិ ដើម្បីផ្គត់ផ្គង់ដល់ការធ្វើនយោបាយ ដែលខ្លួនគាំទ្រ ។ ប៉ុន្តែក្នុងចំណោមអ្នកធ្វើនយោ-បាយទាំងឡាយ ខ្លះបានលះបង់ដើម្បីបុព្វហេតុស្នេហាជាតិពិតៗ គួរឲ្យស្ងើចសរសើរដែរ ។

ទោះជាយ៉ាងណាក៏ដោយ ការបង្កើតគ្រួសារល្អ គឺជាកិច្ចការដ៏លំបាកជាទីបំផុត ប៉ុន្តែគឺជាកាតព្វកិច្ចដែលមិនអាចជៀសផុតបាន ។ ពេលអ្នកបង្ករបញ្ហាក្នុងក្រុមគ្រួសារច្រើន លុះចេញទៅសង្គមខាងក្រៅ កាន់តែបង្ករបញ្ហាច្រើនថែមទៀត។ ហេតុនេះ ការខិតខំបង្កើតក្រុមគ្រួសារល្អ គឺដើម្បីជួយបណ្តុះគំនិតឆន្ទៈនិងស្មារតីល្អៗ ឲ្យក្លាយទៅជាមនុស្សក្នុងគ្រួសារមួយ ដែលអនាគត បើសិនគេគឺជាអ្នកដឹកនាំវិញនោះ គេនឹងអាចធ្វើឲ្យមានផ្លាស់ប្តូរ
មួយដ៏ល្អយ៉ាងពិតប្រាកដ ។

តាមរយៈគន្លឹះសំខាន់ៗ អាចជម្រុញទឹកចិត្តឲ្យយើងកាន់តែរកឃើញពីសារប្រយោជន៍នៃការកសាងគ្រួសារល្អរបស់យើង ដោយចាប់ផ្តើមចេញពីសកម្មភាពជាអាថ៌ ដូចតទៅ៖

□ ចាត់ទុកគ្រួសារជាចំបង៖ ទោះក្នុងកំឡុងពេលណាមួយក៏ដោយត្រូវចាត់ទុកសកម្មភាពការងារជាអាទិភាពបន្ទាប់ពីគ្រួសារ ដោយជួយត្រួតពិនិត្យការអប់រំ សុខភាព ការរស់នៅ និងថែទាំទំនាក់ទំនងប្តី-ប្រពន្ធ និងកូនៗបានល្អ (ពេលខ្លះជួបប្រទះភាពស្មុគស្មាញក្នុងសកម្មភាពការងារ បែទៅជាទុកប្តីប្រពន្ធឬកូនដោយឡែក នេះមិនឆ្លុះបញ្ចាំងការយកចិត្តទុក-ដាក់លើគ្រួសារឡើយ ) ។

□ មានការរួបរួមគ្នារវាងប្តីនិងប្រពន្ធ៖ កំណត់ទិសដៅ ហើយចេះស្តាប់គ្នាទៅវិញទៅមក ជាជាងយកគំនិតតែមួយមកប្រើ ដែលជារឿយៗតែងមានការទម្លាក់កំហុសដាក់គ្នា នៅពេលណាមានកំហុសកើតឡើង ។ ប្រកាន់ជំហរចុះចូល ប៉ុន្តែត្រូវប្រើគំនិតវិភាគគ្រប់ជ្រុងជ្រោយ ដើម្បីជួយគ្នាទៅវិញទៅមក (រកមើលមធ្យោបាយដែលល្អប្រសើរជាងគេដើម្បីអនុវត្ត ជាជាងមានគំនិតតែមួយជ្រុង) ។ ការឯកភាពវេញធ្លុងរវាងប្តីនិងប្រពន្ធ ជារឿយៗនាំឆ្ពោះទៅដល់គោលដៅជោគជ័យ ។

■ ចេះថែរក្សាទំនាក់ទំនងគ្រួសារ៖ គ្រួសារល្អ តែងតែចេះឆ្នៃប្រឌិតឲ្យការរស់នៅដ៏មមាញឹកនេះ ប្រកបដោយភាពរីករាយ និងសុភមង្គល ។ ចេះដោះស្រាយបញ្ហាក្នុងក្រុមគ្រួសារ ប្រកបដោយភាពវិជ្ជមាន ។ ចេះញែកបញ្ហាចេញឆ្ងាយពីគុណតម្លៃនិងទំនាក់ទំនងល្អ រវាងប្តីប្រពន្ធនិងកូនៗ (មិនត្រូវខឹងគោវាយរទេះ)។
■ ត្រូវរក្សាភាពស្មោះត្រង់៖ ត្រូវបែងចែកទំនាក់ទំនងរវាងគ្រួសារ និងបងប្អូនសាច់ញាតិ ឲ្យបានត្រឹមត្រូវ ។ ធម្មតា បងប្អូននិងសាច់ញាតិ គឺជាទំនាក់ទំនងមួយដោយឡែក ដែលមិនអាចកាត់ផ្តាច់បានទេក៏ប៉ុន្តែជារឿយៗ មានគ្រួសារមួយចំនួនប៉ះទង្គិចគ្នា ដោយសារការបែងចែកមិនត្រឹមត្រូវ ។ ដើម្បីជៀសវាងបញ្ហា ប្តីប្រពន្ធគួរធ្វើអ្វីៗឲ្យមានឯកភាពយល់ព្រម ត្រូវស្មោះត្រង់ទោះនៅពីក្រោយខ្នងក្តីជៀសវាងកុំឲ្យភាគីម្ខាងៗយល់ច្រឡំ ឬមានគំនិតសង្ស័យរឿងអ្វីមួយ នោះឡើយ ។ ពេលណាប្តីប្រពន្ធចេះស្មោះត្រង់ជាមួយគ្នា ជួយបង្កើននូវទំនាក់ទំនងដល់ទាំងបងប្អូនឬសាច់-ញាតិ ខ្លាំងថែមទៀតផង ។
■ ផ្តល់ពេលវេលាមានអត្ថប្រយោជន៍៖ បង្កើតពេលវេលាជាមួយក្រុមគ្រួសារ ដើម្បីភាពស្និតស្នាលរវាងឪពុក ម្តាយ និងកូនៗ ។ សម្រាប់សង្គមកម្ពុជា ដែលកំពុងវិវឌ្ឍនទៅមុខលឿន កូនៗភាគច្រើនក៏មានគម្លាតកាន់តែឆ្ងាយជាមួយឪពុកដែរ។ កូនៗខ្លះនៅជិតម្តាយជាងឪពុក រីឯខ្លះវិញជិតឪពុកជាងម្តាយ ប៉ុន្តែរូបភាពគ្រួសារល្អ គឺទាំងឪពុកម្តាយរស់នៅជាមួយកូនៗដើម្បីបណ្តុះកូនតាំងពីកើតមកម្លេះ រហូតដល់គេអាចរឹងមាំស្ថិតនៅដោយឯករាជ្យ ។ ជាពិសេស ចំពោះឪពុកៗ គួរចាប់ផ្តើមបង្កើនទំនាក់ទំនងឡើង វិញជាមួយកូនៗ តាមរយៈការចំណាយពេលដ៏មានតម្លៃ ដើម្បីបំពេញនូវ ចន្លោះរវាងខ្លួនឯងនិងកូនៗ ពីព្រោះការស្រាវជ្រាវរកឃើញថា កូនដែលនៅ ក្បែរឪពុកបានច្រើន មានការវិវឌ្ឍន៍ផ្លូវចិត្តរឹងមាំនិងច្បាស់លាស់ ។

ជាការពិតណាស់ ពន្លកនៃធនធានអ្នកដឹកនាំប្រទេស គឺដំបូងបង្អស់ចាប់ផ្តើមពីគ្រួសារ ។ កូនៗនឹងមើលឃើញថា គម្រូបែបណាដែលខ្លួនរៀនបាន ពីគ្រួសារ ។ កូនៗត្រូវការទទួលបានផ្នត់គំនិតត្រឹមត្រូវចេញពីឪពុកម្តាយ ដូចជាផ្ទាំងគំនូរមួយ ដែលមានវិចិត្រករដៃឯកជាអ្នកគូរ នោះប្រទេសជាតិទាំងមូល ក៏ដូចគ្នា នឹងមានសុខសន្តិភាពបាន ដរាបណាមានអ្នកដឹកនាំល្អ ចេញពីគ្រួសារល្អទៅ ៕

Share This Post

Post Comment