គ្រឹះនៃការអភិវឌ្ឍន៍គ្រួសារ

Soksan-Family
សួស្តីមិត្តអ្នកអានជាទីគោរពស្រលាញ់! ខ្ញុំសូមអរគុណចំពោះការអានទស្សនាវដ្តី “ពន្លឺកាល” ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងរបស់លោកអ្នក។ ប្រសិនបើលោកអ្នកកំពុងតែរស់នៅក្នុងគ្រួសារដ៏មានសុភមង្គល តែសូមសួរសំណួរទៅកាន់កូនៗផង នោះនឹងមានអ្វីមួយភ្ញាក់ផ្អើល ពីព្រោះកូនៗអាចនឹងត្រូវការសុភមង្គលលើសពីអ្វីដែលលោកអ្នកកំពុងតែមាន។ ក្នុងគ្រួសារតូចល្មម ខ្ញុំជាមនុស្សប្រុសតែម្នាក់គត់ ជាប្តីនិងជាឪពុករបស់កូនស្រីពីរនាក់។ ខ្ញុំមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំគ្រួសារ ពួកគេពឹងផ្អែកលើខ្ញុំក្នុងការផ្តល់សេចក្តីសុខក្នុងផ្ទះ។ សព្វថ្ងៃនេះតួនាទីសំខាន់ៗរបស់ខ្ញុំ គឺផ្គត់ផ្គង់ចំណីអាហារ ការអប់រំ សម្ភារៈប្រើប្រាស់ ការដឹកជញ្ជូន ការថែទាំសុខភាព និងការស្វែងរកប្រាក់ចំណូល ជាដើម។ ខ្ញុំរីករាយនឹងផ្តល់ឲ្យពួកគេនូវអ្វីៗទាំងអស់នេះ ដោយការប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។ សួរថា តើខ្ញុំបានបំពេញតួនាទីសព្វគ្រប់ហើយឬនៅ ពេលដែលខ្ញុំផ្តល់អ្វីៗទាំងអស់នេះដល់គ្រួសារខ្ញុំ? ជាច្រើនដងព្រះយេស៊ូវបានមានបន្ទូល សង្កត់ធ្ងន់លើកុមារ។ ទ្រង់ចង់ឲ្យមនុស្សធំម្នាក់ៗផ្តល់តម្លៃលើកុមារ ដូចក្នុងព្រះគម្ពីរ ម៉ាកុស៩:៣៧ ទ្រង់មានបន្ទូលថា

“អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ។”

ក្រៅពីចំណីអាហារ សំលៀកបំពាក់ និងចំណេះដឹងបានមកពីសាលារៀន និងនៅឯផ្ទះ កុមារត្រូវការការបីបាច់យកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ជាពិសេស ដែលជួយឲ្យគេលូតលាស់ខាងផ្នែកអារម្មណ៍និងផ្លូវចិត្ត។ មនុស្សម្នាក់ដែលទទួលបានភាពកក់ក្តៅនៅក្នុងផ្ទះ នាំឲ្យគេស្កប់ចិត្ត តែមនុស្សដែលមិនទទួលបានអារម្មណ៍បែបនេះកាលពីនៅតូច នាំឲ្យគេត្រូវស្វែងរកវា នៅពេលដែលគេធំឡើង។ មានយុវវ័យជាច្រើន ដែលបានធ្លាក់ខ្លួនទៅក្នុងអំពើខុសឆ្គងផ្សេងៗក្នុងសង្គម ពេលនិយាយទៅដល់អារម្មណ៍ ពួកគេប្រាប់ថា គេខ្វះខាតភាពកក់ក្តៅកាលពីនៅក្មេង ដែលធ្វើឲ្យគេមានអារម្មណ៍ថា ក្នុងលោកនេះគ្មានទេក្តីស្រលាញ់! នេះជាភាពពិតមួយដ៏លេចធ្លោក្នុងសង្គម ដែលមនុស្សភាគច្រើនហាក់បីដូចជាគិតពីសម្ភារៈ ជាជាងគិតពីមនុស្ស ពិសេសចំពោះកុមារ។ ហេតុដូច្នេះហើយសម្រាប់ខ្ញុំ កាតព្វកិច្ចផ្តល់ការផ្គត់ផ្គង់ មិនទាន់គ្រប់គ្រាន់ទេ នោះគឺគ្រាន់តែបំពេញសេចក្តីសុខផ្នែករាងកាយតែប៉ុណ្ណោះ តែអ្នកផ្ទះរបស់ខ្ញុំ ពិសេសគឺកូនៗរបស់ខ្ញុំ ពួកគេត្រូវការអ្វីដែលពិសេសជាងនេះ នោះគឺសេចក្តី “ស្រលាញ់” ដែលខ្ញុំអាចផ្តល់ឲ្យដល់ពួកគេបាន។ ក្នុងខព្រះគម្ពីរដ៏ល្បីល្បាញ ១កូរិនថូស១៣:៤-៨ សាវកប៉ុលបានថ្លែងសង្កត់ធ្ងន់ថា “ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង ៥ មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស ៦ មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្តីស្មោះត្រង់វិញ ៧ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ ៨ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្តីស្រឡាញ់មិនដែលផុតឡើយ” ហេតុនេះ នៅក្នុងគ្រួសារកុមារត្រូវការការបីបាច់យកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងអស់ ក្នុងនោះ រួមមាន៖ លូតលាស់ផ្នែករាងកាយ(សុខភាព) តម្រិះប្រាជ្ញា ស្មារតី(ផ្លូវចិត្តនិងអារម្មណ៍) ការទំនាក់ទំនង(សង្គម) និងការលូតលាស់ផ្នែកវិញ្ញាណ។ ក្នុងទស្សនាវដ្តី “ពន្លឺកាល” ច្បាប់ចុះផ្សាយលើកទី៥ ដែលផ្តោតទៅលើគ្រួសារ មានផ្តល់នូវអត្ថបទដែលទាក់ទងនឹងសុខមាលភាពរបស់កុមារជាចាំបាច់ សម្រាប់ប្រិយមិត្ត អាចឆ្លុះបញ្ចាំង ដើម្បីកសាងគ្រឹះនៃគ្រួសារមួយដ៏រឹងមាំ ផ្តើមចេញពីសេចក្តីស្រលាញ់ចំពោះកុមារ៕ ជិន សុខសាន្ត

Share This Post

Post Comment