គន្លឹះជួយឲ្យខ្ញុំសម្រេចគោលដៅ

Srey Rath
“ ភាពរីករាយរបស់យុវវ័យ ផ្សារភ្ជាប់នឹងសេចក្តីសង្ឃឹមរបស់ខ្លួនសម្រាប់អនាគតខ្លួនឯង ”
កង្វះភាពជឿជាក់លើខ្លួនឯង បានក្លាយទៅជាបញ្ហាដ៏ចំបងមួយរបស់យុវជនកម្ពុជា ដែលចិត្តវិទូតែងតែបានលើកឡើងជារឿយៗថា គឺជាឧបសគ្គក្នុងការអភិវឌ្ឍន៍នូវជំហាន ឆ្ពោះទៅរកគោលដៅអនាគត ដែលយុវជនស្រមៃនិងប្រាថ្នាចង់បាន ។

យុវតី ស្រីរ័ត្ន ក្នុងឆ្នាំ២០១៦ កំពុងសិក្សាផ្នែកអក្សរសាស្រ្តភាសាអង់គ្លេស តែប្អូនស្រមៃចង់ក្លាយជាគ្រូពេទ្យម្នាក់ តាំងតែពីប្អូននរៀននៅ វិទ្យាល័យ មកម្លេះ ។ ម្តាយរបស់នាងជាស្ត្រីមេម៉ាយដែលទំនុកបម្រុងការរស់នៅ និងសិក្សាកូនៗ។ ប៉ុន្តែ ស្រីរ័ត្ន បានធ្វើការងារបន្ថែមក្រៅតែពីការសិក្សា នាងនិយាយប្រាប់ទស្សនាវដ្តី «ពន្លឺកាល» ថា៖ “ខ្ញុំសុបិនចងក្លាយជាគ្រូពេទ្យម្នាក់ តែខ្ញុំមិនអាចសម្រេចគោលដៅនេះបានទេ ព្រោះខ្ញុំរៀនមិនបានពូកែនឹងគេ ហេតុនេះហើយទើបសុខចិត្តរៀនផ្នែកភាសាវិញចុះ ។”
ស្រីរ័ត្ន រៀបរាប់ថា ជីវភាពគ្រួសារ រួមផ្សំប្រាក់ចំណូលពីការងាររបស់នាងផង អាចផ្គត់ផ្គង់ការសិក្សាឯកទេសផ្នែកសុខាភិបាលបាន ប៉ុន្តែនាងភ័យខ្លាច មិនទុកចិត្តលើខ្លួនឯង ថាខ្លួនឯងអាចមានសមត្ថភាពរៀនឲ្យឈានទៅមុខបានដើម្បីក្លាយជាវេជ្ជបណ្ឌិតម្នាក់។ នាងយល់ថាខ្លួនឯងពិតជាខ្សោយខ្លាំងណាស់ ប៉ុន្តែសេចក្តីប្រាថ្នាចង់ក្លាយជាគ្រូពេទ្យ នៅស្ថិតក្នុងចិត្ត-គំនិតនាង ជារៀងរាល់ថ្ងៃ ។
នៅពេលស្គាល់ពីបញ្ហាពិតប្រាកដរបស់ ស្រីរ័ត្ន ហាក់បីដូចជាដាស់ស្មារតីយុវវ័យយើងភ្លាមថា ភាគច្រើនពិតជាមានបញ្ហាដូចគ្នានឹងនាងដែរ ពោលគឺ«ភ័យខ្លាច អត់ហ៊ាន អត់ស៊ូទ្រាំ អត់ទុកចិត្តខ្លួនឯង ខ្មាសអៀន ជាដើម» ទាំងនេះគឺសុទ្ធសឹងតែឧបសគ្គ រារាំងយើងក្នុងការសម្រេចគោល-ដៅក្នុងជីវិត ។

មានវិធីដ៏គួរឲ្យចាប់អារម្មណ៍ ដែលយុវវ័យអាចស្វែងយល់ ធ្វើដូចម្តេច ដើម្បីសម្រេចនូវក្តីសុបិនរបស់ខ្លួនបាន ។
១-ការសិក្សា៖ អ្វីដែលយុវវ័យត្រូវចាប់យកនៅពេលនេះគឺ «រៀន»។ កុំពន្យាពេលយូរ យុវវ័យត្រូវខិតខំគិតនិងផ្តោតអារម្មណ៍ ដើម្បីបង្កើនចំណង់ចំណូលចិត្ត លើអ្វីដែលអ្នកកំពុងគិត ហើយចង់ធ្វើ ពោលគឺផ្តោតទៅលើមុខវិជ្ជាដែលយើង ត្រូវសិក្សា ។ ក្នុងនោះ អ្នកក៏ត្រូវតែស្វែងយល់លើចំណេះដឹងទូទៅឲ្យបានយ៉ាងទំលំទូលាយ ។ យុវវ័យត្រូវចេះបែងចែកច្បាស់លាស់ រវាងព័ត៌មានអ្វីដែលគ្រាន់តែជាចចាមរាម ហើយអ្វីដែលជាព័ត៌មានពិត ។ បន្ទាប់មក អ្នកត្រូវហា៊នជជែកសាកសួរជាមួយនឹងសាស្រ្តាចារ្យ ដែលមានជំនាញឯកទេស ក្នុងការផ្តល់នូវចម្លើយចំពោះចម្ងល់នានារបស់អ្នក ។ អ្នកដែលជោគជ័យក្នុងការសិក្សា គឺមានទម្លាប់រៀនមួយដ៏ល្អ ហេតុនេះអ្នកគួរតែបង្កើតទម្លាប់រៀនបែបនោះ ។ ក្រោយពីឆ្លងកាត់ការបញ្ចប់ការសិក្សារបស់អ្នក គឺអ្នកត្រូវកំណត់យកនូវមុខជំនាញឯកទេស ដែលជាគោលដៅមួយរបស់អ្នកដែលធ្លាប់គិតថា សក្តិសមនឹងគោលដៅផ្ទាល់ខ្លួន (ប្រៀបបីដូចជាបទពិសោធន៍ដែល ស្រីរ័ត្ន បានជួបប្រទះ ជាដើម) ។
២-បរិយាកាសសង្គម៖ ក្នុងយុវវ័យភាព អ្នកត្រូវចងក្រង និងបង្កើតមិត្តភាពល្អៗ ឲ្យបានច្រើនជាអនេក ដែលនាំទៅរកឱកាសចែករម្លែកអ្វីៗ និងការរៀនពីគ្នាទៅវិញទៅមក ។ វាមិនពិបាកនោះទេ បើគ្រាន់តែអ្នកទៅស្វែងរកមិត្តភក្តិល្អៗមុន ជាជាងរង់ចាំឲ្យអ្នកដទៃមករកអ្នក ។ ធ្វើបែបនោះអ្នកនឹងមានមនុស្សរាប់រយ-ពាន់នាក់ ដែលអាចឲ្យអ្នកជួបនិងស្គាល់ជាបន្តបន្ទាប់បាន ។ ដើម្បីមានទំនាក់ទំនង និងបទពិសោធន៍ក្នុងសង្គមបានច្រើនថែមទៀត អ្នកអាចចូលរួមជាមួយបណ្តាញ ឬសមាគមយុវជន ឬចូលរួមក្នុងព្រឹត្តិការណ៍និងឱកាសក្នុងពិធីនានា ជាដើម ។ សូមគិតថា បញ្ហាផ្លូវភេទគឺជារឿងដ៏រសើបជាទីបំផុត ហើយបង្ករឲ្យមានភាពស្មុគស្មាញ ជាច្រើនប្រសិនបើអ្នកមិនទាន់អាចគ្រប់គ្រងបញ្ហានេះបានទេ។ ការមិនរួមភេទមុនរៀបការ គឺអ្នកជាមនុស្សដែលចូលរួមចំណែកលើកស្ទួយនិងថែរក្សានូវប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អផូរផង់ ឲ្យគង់វង្សតទៅទៀតបាន ។
៣-ត្រូវថែរក្សាសុខភាព – សុវត្ថិភាព និងទ្រព្យធនឲ្យបានល្អ៖
ញ៉ាំអាហារអ្វីដែលផ្តល់នូវសុខភាព រក្សាការហាត់ប្រាណជាទៀងទាត់ ព្រមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ ។ សូមទៅពិគ្រោះ-ពិនិត្យសុខភាពឲ្យបានទៀងទាត់ ។ ត្រូវបើកបរធ្វើដំណើរប្រកបដោយសុជីវធម៌ និងគោរពសិទ្ធិមនុស្សក្នុងសង្គម ព្រមទាំងច្បាប់-ទម្លាប់នានារបស់ប្រទេស និងអន្តរជាតិ។ ចំពោះការចាយវាយវិញ យុវវ័យត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់រវាងការ ចំណាយ និងប្រាក់ដែលរកបាន ។ ការចាយវាយសម្រាប់តម្រូវការជាមូលដ្ឋាន រួមមាន៖ ក)-កន្លែងស្នាក់នៅ (ប្រសិនបើជួលផ្ទះ) ខ)- អាហារ គ)- សៀវភៅនិងសម្ភារសិក្សា ឃ)- ថ្លៃសាំង និង ង)-ការចំណាយផ្សេងៗដែលចាំបាច់។ អ្នកខ្លះវិញអាចស្វែងរកប្រាក់ឧបត្ថម្ភសិក្សា(អាហារូបករណ៍) តាមរយៈប្រភពផ្សេងៗ នោះសូមស្វែងរក ។ ក្រៅពីនេះ អ្នកអាចស្វែងរកប្រភពចំណូល ដោយធ្វើការបណ្តើររៀនបណ្តើរ ហើយជាពិសេស ត្រូវចេះសន្សំប្រាក់ដោយផ្ទាល់ខ្លួនឯង ។
ទាំងអស់នេះ គឺជាសេចក្តីសង្ឃឹមដែលស្ថិតនៅជាប់ក្នុងជីវិតយុវវ័យខ្មែរទាំងឡាយ ដែលជួយក្នុងការវិវឌ្ឍន៍ផ្លាស់ប្តូរប្រសើរឡើងវិញ ដោយក្តីរំភើបរីករាយក្នុងយុវវ័យភាពរបស់អ្នក ដ្បិតការអនុវត្តន៍ដ៏ត្រឹមត្រូវ ប្រៀបបានទៅនឹងគ្រាប់ពូជដែលដាំនៅក្នុងចិត្ត ហើយមានសង្ឃឹមជឿជាក់ច្បាស់ថា ការល្អនឹងមកដល់ នៅថ្ងៃណាមួយជាក់ជាមិនខាន ៕

Share This Post

Post Comment